
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) កាលពីថ្ងៃព្រហស្បតិ៍ បានផ្តល់ការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់គ្រួសាររបស់ក្មេងជំទង់ប៉ាឡេស្ទីន-អាមេរិកពីរនាក់ ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់នៅតំបន់វេសបែង ហើយបាននិយាយថា ត្រូវតែមានការស៊ើបអង្កេតលើការស្លាប់របស់ពួកគេ។
លោកប្ល៊ីនខិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅប្រទេសអាល់បានីក្នុងការឆ្លើយតបទៅនឹងសំណួររបស់លោក Alex Marquardtមកពីសារព័ត៌មានCNNថា៖« យើងបានបញ្ជាក់យ៉ាងច្បាស់ថា ទាក់ទងនឹងឧប្បត្តិហេតុដែលអ្នកបានលើកឡើងនោះ ចាំបាច់ត្រូវមានការស៊ើបអង្កេត យើងត្រូវទទួលបានការ ពិត ហើយប្រសិនបើសមស្រប ចាំបាច់ត្រូវមានការទទួលខុសត្រូវ»។
ជនជាតិអាមេរិកដើមកំណើតប៉ាឡេស្ទីនអាយុ ១៧ ឆ្នាំពីរនាក់ ត្រូវបានគេរាយការណ៍ថា បានសម្លាប់នៅ តំបន់វេសបែង ដោយកងកម្លាំងអ៊ីស្រាអែលក្នុងរយៈពេលតិចជាងមួយខែ។ លោក Mohammad Ahmed Mohammad Khdour មានអាយុ ១៧ឆ្នាំ ត្រូវបានបាញ់ចំក្បាលដោយកងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ខណៈពេលធ្វើដំណើរតាមរថយន្ត នៅក្នុងទីក្រុងប៊ីដឌូ (Biddu)នេះបើយោងតាមអង្គការ «ការពារកុមារ-ប៉ាឡេស្ទីន។ សារព័ត៌មាន CNN បានទាក់ទងទៅកងកម្លាំងការពារអ៊ីស្រាអែលអំពីការបាញ់ប្រហារដែលបានរាយការណ៍នេះ។ ការិយាល័យកិច្ចការប៉ាឡេស្ទីនរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ថា វាត្រូវបាន«បំផ្លិចបំផ្លាញដោយការសម្លាប់»។
ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានឲ្យដឹងថា កាលពីខែមុន ជនជាតិអាមេរិកម្នាក់ទៀត ឈ្មោះ Tawfic Abdel អាយុ ១៧ឆ្នាំ ត្រូវបានបាញ់សម្លាប់ចំក្បាល ។ កងកម្លាំងការពារអ៊ីស្រាអែល និងនគរបាអ៊ីស្រាអែល បានប្រាប់សារព័ត៌មានCNNថា ពួកគេបានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។