
កសិករអ៊ីតាលី បានបន្តរៀបចំការតវ៉ានៅទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ដើម្បីប្រឆាំងនឹងគោលនយោបាយកសិកម្មរបស់សហភាពអឺរ៉ុប ដោយទាមទារឱ្យសហភាពអឺរ៉ុប និងរដ្ឋាភិបាលអ៊ីតាលីឆ្លើយតបទៅនឹងការលំបាកក្នុងជីវភាពរស់នៅ និងផលិតកម្មរបស់ពួកគេ។
កសិកររាប់ពាន់នាក់មកពីទូទាំងប្រទេសអ៊ីតាលី និងមន្ត្រីរដ្ឋាភិបាលមួយចំនួនមកពីតំបន់កសិកម្ម បានដើរដង្ហែក្បួនតវ៉ាក្នុងទីក្រុងរ៉ូម ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយបរិស្ថានថ្មីរបស់សហភាពអឺរ៉ុប និងការនាំចូលផលិតផលកសិកម្មទ្រង់ទ្រាយធំរបស់សហភាពអឺរ៉ុបពីខាងក្រៅ។
នេះក៏ជាលើកទីមួយដែរ ដែលកសិករអ៊ីតាលី បានធ្វើបាតុកម្មនៅកណ្តាលទីក្រុងរ៉ូម ចាប់តាំងពីការតវ៉ានេះផ្ទុះឡើង ប៉ុន្តែមានតែត្រាក់ទ័រមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតិឱ្យចូលទីក្រុងយោងតាមតម្រូវការរបស់នគរបាល។
ទោះបីជារដ្ឋាភិបាលអ៊ីតាលី បានយល់ព្រមផ្តល់មូលនិធិបន្ថែមដល់កសិករ និងមានលក្ខខណ្ឌកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់កសិករក្នុងរយៈពេល ២ ឆ្នាំខាងមុខក៏ដោយ ប៉ុន្តែកសិករមួយចំនួនធំនៅតែមិនពេញចិត្តចំពោះដំណោះស្រាយនេះ ដោយជឿថាវិធីសាស្រ្តបែបនេះមិនអាចដោះស្រាយការលំបាករបស់ពួកគេបានទេ៕