
ធនាគារពិភពលោក និយាយថា ទឹកប្រាក់ចំនួន៤៨៦ពាន់លានដុល្លារ នឹងត្រូវការនៅរយៈពេល១ទសវត្សរ៍បន្ទាប់ ដើម្បីផ្តល់មូលនិធីដល់ការសាងសង់ និងស្តារប្រទេសអ៊ុយក្រែនឡើងវិញ។
ធនាគារនេះនិយាយថា ការបំផ្លាញដោយផ្ទាល់បណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី រយៈពេលជិត២ឆ្នាំកន្លងទៅនេះ បានឈានដល់ប្រមាណជិត១៥២ពាន់លានដុល្លារ។ លំនៅឋាន ការដឹកជញ្ជូន ពាណិជ្ជកម្ម និងកសិកម្ម គឺជាវិស័យដែលរងផលប៉ះពាល់បំផុត។
ធនាគារ និយាយថា អាជ្ញាធរអ៊ុយក្រែន ជឿថា ទឹកប្រាក់១៥ពាន់លានដុល្លារ នឹងត្រូវការសម្រាប់ការសាងសង់ និងស្តារឡើងវិញភ្លាមៗនូវការងារនៅឆ្នាំនេះតែមួយឆ្នាំ។ ក្នុងចំណោមចំនួននេះ ទឹកប្រាក់ចំនួន ៩,៥ពាន់លានដុល្លារ តាមសេចក្តីរាយការណ៍ នៅពុំទាន់ត្រូវបានផ្តល់មូលនិធិនៅឡើយ។
ធនាគារពិភពលោក កំពុងបញ្ជាក់ពីតម្រូវការសម្រាប់ការគាំទ្រជាបន្តពីសហគមន៍អន្តរជាតិ។ ធនាគារ បានកត់សំគាល់ផងដែរ ពីតម្រូវការសម្រាប់កិច្ចប្រឹងប្រែងដើម្បីចាប់ផ្តើមការវិនិយោគវិស័យឯកជន។
ការប៉ាន់ប្រមាណចុងក្រោយ របស់ធនាគារត្រូវបានរៀបចំបញ្ជីជាមួយរដ្ឋាភិបាលអ៊ុយក្រែន អង្គការសហប្រជាជាតិ និងគណៈកម្មការអឺរ៉ុប។
កាលពីថ្ងៃព្រហស្បតិ៍ រុស្ស៊ី បានរាយការណ៍ថា កងកម្លាំងរបស់ខ្លួន បានបាញ់ផ្លោងទៅលើបរិវេណឧស្សាហកម្មយោធារបស់អ៊ុយក្រែន ខណៈអ៊ុយក្រែនបានអះអាងការវាយប្រហារលើស្ថានីយ៍រ៉ាដា របស់រុស្ស៊ី នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ ដែលបានចេញផ្សាយដោយភាគីសង្គ្រាមទាំងពីរ រៀងៗខ្លួន។