
នគរបាលព្រំដែនប៉ាណាម៉ា និយាយថា សាកសពជនអន្តោប្រវេសន៍លង់ទឹកស្លាប់ ត្រូវបានស្រង់ចេញពីសមុទ្រនៅជិតតំបន់ឆ្នេរប្រទេសប៉ាណាម៉ា ក្រោយទូកមួយគ្រឿង បានលិចអំឡុងស្ថានភាពអាកាសធាតុមិនអំណោយផល ។
ស្របពេលដែលក្រុមអាជ្ញាធរ ពុំបានបញ្ជាក់ពីចំនួនជនរងគ្រោះ ឬសញ្ញាតិរបស់ពួកគេ សេចក្តីរាយការណ៍ពីសារព័ត៌មានជាច្រើន រួមទាំងសារព័ត៌មាន Telemetro និងទូរទស្សន៍ TVn2 រាយការណ៍ថា ទូកមួយគ្រឿងនេះ បានផ្ទុកជនអន្តោប្រវេសន៍ ២៥នាក់ ហើយ ៤នាក់ក្នុងចំណោមពួកគេ បានស្លាប់ និងជនអន្តោប្រវេសន៍ ៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
គួរឲ្យដឹងថា ចំនួនជនអន្តោប្រវេស៍ដ៏ច្រើនសន្ធឹកសន្ធាប់ បានធ្វើដំណើរទៅដល់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលពួកគេធ្វើដំណើរចេញមកពីអាមេរិកខាងត្បូង តាមផ្លូវឆ្លងកាត់អាមេរិកកណ្តាល ក្នុងដំណើរឆ្ពោះទៅកាន់តំបន់ប្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ។
ភាគច្រើននៃពួកគេរត់គេចចេញពីភាពក្រីក្រ អំពើហិង្សាបង្កឡើងដោយក្រុមឧក្រិដ្ឋជន ឬការលំបាកជាច្រើនទៀតនៅក្នុងប្រទេសកំណើតរបស់ពួកគេ ។
ទីភ្នាក់ងារនគរបាលព្រំដែន Senafront របស់ប៉េរូ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនរងគ្រោះ ត្រូវបានរកឃើញនៅជិតព្រំដែនប៉ាណាម៉ា ជាមួយកូឡុំប៊ី ស្ថិតនៅក្នុងតំបន់ Carreto នៅជិតកំពង់ផែ Obaldia នៃតំបន់ការ៉ាអ៊ីប ។
តំបន់មួយនេះ នៅមិនឆ្ងាយប៉ុន្មាននោះទេពីផ្លូវឆ្លងកាត់ព្រៃស្តុកមរណៈ Darien Gap ជាទីដែលជនអន្តោប្រវេសន៍ ទៅកាន់សហរដ្ឋអាមេរិក ធ្វើដំណើរដោយថ្មើរជើង ៕