
ការព្យាករណ៍បណ្តោះអាសន្នរដូវរងារបស់គណៈកម្មការអឺរ៉ុបដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកុម្ភៈ) បានកែសម្រួលកំណើនទាំង នៅក្នុងសហភាពអឺរ៉ុប (EU) និងតំបន់ចាយប្រាក់អឺរ៉ូសម្រាប់ឆ្នាំ២០២៤។
សម្រាប់ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចរបស់ EU ត្រូវបានព្យាករថា នឹងឡើង ០,៩ភាគរយ ដោយធ្លាក់ចុះពីចំនួន ១,៣ភាគរយនៃការព្យាករណ៍នារដូវស្លឹកឈើជ្រុះ។ ហើយកំណើននៃតំបន់ចាយប្រាក់អឺរ៉ូត្រូវបានកែប្រែទម្លាក់មកត្រឹម ០,៨ភាគរយ ពោលគឺពីចំនួន ១,២ភាគរយដែលបានព្យាករទុកក្នុងរដូវស្លឹកឈើជ្រុះ។
របាយការណ៍នេះបានបង្ហាញថា សេដ្ឋកិច្ចអឺរ៉ុបបានជួបប្រទះនឹងឆ្នាំដ៏លំបាកបំផុតមួយ ដែលចំណុចប្រសព្វនៃកត្តាជាច្រើនបានធ្វើតេស្តយ៉ាងខ្លាំងក្លានូវភាពធន់របស់សេដ្ឋកិច្ច។ កត្តាទាំងនេះរួមមានការថយចុះនៃសន្ទុះទិញទំនិញរបស់គ្រួសារ ការរឹតបន្តឹងរូបិយវត្ថុខ្លាំងក្លា ការដកផ្នែកខ្លះនៃការគាំទ្រសារពើពន្ធ និងការធ្លាក់ចុះនៃតម្រូវការពីខាងក្រៅ។ សហភាពអឺរ៉ុបស្ទើរតែជៀសផុតពីឱនភាព នៅចុងឆ្នាំ២០២៣ ហើយកំពុងចាប់ផ្តើមឆ្នាំ២០២៤ ជាមួយនឹងស្ថានភាពខ្សោយជាងការរំពឹងទុក។
តែយ៉ាងណាក្ដី កំណើនសេដ្ឋកិច្ចគួរតែខ្ពស់នៅឆ្នាំ២០២៤ ដោយការហក់ឡើងនេះ ត្រូវបានគាំទ្រដោយការធ្លាក់ចុះនៃអតិផរណា កំណើនប្រាក់ឈ្នួលពិត និងទីផ្សារការងារដែលមានភាពធន់។
យោងតាមការព្យាករណ៍ បានឲ្យដឹងថា នៅសហភាពអឺរ៉ុប អតិផរណាត្រូវបានព្យាករថា នឹងធ្លាក់ចុះពី ៦,៣ភាគរយ នៅឆ្នាំ២០២៣ មកត្រឹម ៣ ភាគរយនៅឆ្នាំ២០២៤ និង ២,៥ភាគរយនៅឆ្នាំ២០២៥។ នៅតំបន់ចាយប្រាក់អឺរ៉ូ តួលេខនេះត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី ៥,៤ភាគរយនៅឆ្នាំ២០២៣ ទៅចំនួន ២,៧ភាគរយ នៅឆ្នាំ២០២៤ និង ២,២ភាគរយនៅឆ្នាំ២០២៥៕