ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតក្រុមការងារគម្រោងអង្គការស្បៀងអាហារពិភពលោក (WFP) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
នៅក្នុងកិច្ចប្រជុំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៤នេះថាបន្ទាប់ពីស្តាប់បទបង្ហាញរបស់ក្រុមការងារ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការចាប់អារម្មណ៍ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ រវាងអង្គការស្បៀងអាហារពិភពលោក និងក្រសួង។ ជាមួយគ្នានេះដែរ ឯកឧត្តម បានគូសបញ្ជាក់ថា គោលនយោបាយក្រសួងកសិកម្ម បាននិងកំពុងយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រ ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប ដែលមានធនធានមនុស្ស និងថវិកាគ្រប់គ្រាន់ក្នុងការផលិត និងផ្គត់ផ្គង់ទ្រង់ទ្រាយធំប្រកបដោយគុណភាពសម្រាប់ទីផ្សារដែលមានតម្លៃបន្ថែមខ្ពស់។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហគមន៍កសិកម្មទំនើបអាចធ្វើការផ្សារភ្ជាប់នឹងសាលារៀន ដើម្បីចូលរួមលើកកម្ពស់កម្រិតអាហារូបត្ថម្ភកុមារតាមសាលា។ ការណ៍នេះ ទាមទារឱ្យមានការសិក្សាបន្ថែមអំពីសារធាតុចិញ្ចឹម ដែលមានក្នុងផលិតផលកសិកម្មកម្ពុជាផងដែរ។
បើតាម ឯកឧត្តមរដ្ឋមន្រ្តី អង្គការស្បៀងអាហារពិភពលោក អាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រសហគមន៍កសិកម្មទំនើប ដែលនឹងចូលរួមជួយដោះស្រាយបញ្ហាជាច្រើនសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាគោលបំណងដែលអង្គការចង់សម្រេចបាន៕
អត្ថបទ ៖ ឈិត បូរ៉ាវី


