
ពួកសកម្មជនអាកាសធាតុបាននាំគ្នាសម្រុកចូលទៅក្នុងការិយាល័យ Toronto របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោកស្រី Chrystia Freeland កាលពីថ្ងៃព្រហស្បតិ៍ (ទី ១៥ ខែកុម្ភៈ) ដោយទាមទារឲ្យរដ្ឋាភិបាលប្រកាសបទប្បញ្ញត្តិទាក់ទងនឹងអាកាសធាតុ សម្រាប់ធនាគារ ក្នុងថវិកាឆ្នាំ២០២៤ របស់ខ្លួន។
ក្រុមសកម្មជនសន្តិភាពបរិស្ថាន (Greenpeace) ដែលស្លៀកឈុតខោពណ៌ខៀវ និងកាន់សំពៀតសម្រាប់ដេក បានធ្វើការតវ៉ាដោយអង្គុយនៅការិយាល័យរបស់លោកស្រី Freeland ខណៈដែលលោកស្រីរដ្ឋមន្ត្រី មិនមានវត្តមាននៅទីនោះទេ។ កាលវិភាគរបស់លោកស្រី Freeland បង្ហាញថា លោកស្រីកំពុងរៀបចំកិច្ចប្រជុំបុរេថវិកាជាបន្តបន្ទាប់ នៅទីក្រុង Toronto។ ការិយាល័យរបស់លោកស្រី មិនអាចទាក់ទងសុំការអធិប្បាយភ្លាមៗបានទេ។
ធនាគារធំបំផុតៗ របស់ប្រទេសកាណាដា ត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពមិនពិតប្រាកដទាក់ទងនឹងបរិស្ថាន ដោយក្រុមបរិស្ថាន និងអ្នកវិនិយោគមួយចំនួន ដែលនិយាយថា គំនិតផ្តួចផ្តើមដូចជាការផ្តល់ហិរញ្ញប្បទានដែលភ្ជាប់ដោយនិរន្តរភាព (SLF) ត្រូវបានប្រើសម្រាប់តែការក្លែងបន្លំនៃការផ្លាស់ប្តូរឆ្ពោះទៅរកកម្រិតកាបូនទាប។
ធនាគារកាណាដាជាច្រើន បានប្តេជ្ញាថានឹង «ការបំភាយឧស្ម័នពុលនៅកម្រិតសូន្យ» នៅឆ្នាំ២០៥០ ប៉ុន្តែអ្នកវិនិយោគជាច្រើនបានសម្តែងការព្រួយបារម្ភលើការខ្វះខាតគោលដៅដែលបានកំណត់៕