
ក្រុមមេដឹកនាំអាហ្វ្រិក ជួបជុំគ្នានៅថ្ងៃសុក្រនេះ ក្នុងទីក្រុង Addis Ababa ប្រទេសអេត្យូពី សម្រាប់កិច្ចប្រជុំកំពូលសហភាពអាហ្វ្រិកលើកទី ៣៧ ជាទីដែលបញ្ហាជម្លោះ និងអស្ថិរភាពក្នុងតំបន់ ត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចសំខាន់បំផុត ។
ក្រុមអ្នករិះគន់ និយាយថា វិបត្តិកាលពីពេលថ្មីៗនេះនៅក្នុងទ្វីប បានលាតត្រដាងដែនកំណត់របស់ពួកគេ រួមទាំងរលកនៃរដ្ឋប្រហារនៅអាហ្រ្វិកខាងលិច សង្រ្គាមរយៈពេលជិត ១ឆ្នាំនៅស៊ូដង់ និងភាពតានតឹងកើនឡើងនៅតំបន់ភាគខាងកើតកុងហ្គោ ដែលគំរាមកំហែងដល់ជម្លោះអន្តររដ្ឋ ។
ក្រុមអ្នកវិភាគមួយចំនួន មានជំនឿថា និន្នាការរដ្ឋប្រហារ និងជម្លោះស៊ីវិល ត្រូវបានគាំទ្រ មួយផ្នែកដោយសារតែការឆ្លើយតបខ្វះចន្លោះរបស់សហភាពអាហ្រ្វិក ចំពោះការបោះឆ្នោតក្លែងបន្លំ ដែលធ្វើឲ្យអន្តរាយដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ។
រដ្ឋប្រហារកាលពីពេលថ្មីៗនេះ ឆ្លុះបញ្ចាំងពីនិន្នាការបែបនេះ ក្នុងនោះករណីមួយចំនួនពាក់ព័ន្ធនឹងការដណ្តើមអំណាចខុសរដ្ឋធម្មនុញ្ញគាំទ្រដោយពលរដ្ឋធម្មតាដែលយល់ឃើញថា លទ្ធិប្រជាធិបតេយ្យពុំបានផ្តល់សេរីភាព និងសន្តិភាពដែលពួកគេរំពឹងចង់បាននោះឡើយ ។
ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ ទីប្រឹក្សាជាន់ខ្ពស់ក្រុមវិបត្តិអន្តរជាតិ(ICG) លោកស្រី Liesl Louw-Vaudran និយាយថា សហភាពអាហ្វ្រិក ត្រូវតែនិយាយ ពេលដែលការបោះឆ្នោតខ្វះភាពជឿជាក់ ។
លោកស្រី Louw-Vaudran មានជំនឿថា សហភាពអាហ្វ្រិក ត្រូងតែដើរតួសំខាន់ជាងនេះ ក្នុងកិច្ចខិតខំសម្របសម្រួលរវាងភាគីបង្កសង្រ្គាម តាមរយៈការចូលរួមច្រើនជាងមុន ជាមួយប្លុកសេដ្ឋកិច្ចក្នុងតំបន់ដែលជាប់ពាក់ព័ន្ធ ។
ជម្លោះរាប់ទសវត្សរ៍នៅតំបន់ភាគខាងកើតកុងហ្គោ រវាងក្រុមប្រដាប់អាវុធប្រជែងជាច្រើន ជុំវិញបញ្ហាដណ្តើមគ្រប់គ្រងទឹកដី និងធនធាន បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងមនុស្សជាង ៧លាននាក់ បានជម្លៀសខ្លួន ។
កាលពីខែឧសភា ឆ្នាំកន្លងទៅ សហគមន៍អភវឌ្ឍន៍អាហ្វ្រិកខាងត្បូង(SADC) បានឯកភាពលើបេសកកម្មនៅតំបន់ភាគខាងកើតកុងហ្គោ ដើម្បីជួយប្រទេសមួយនេះ លើកឡើងពីអស្ថិរភាព និងសន្តិភាពកាន់តែធ្ងន់ធ្ងររបស់ពួកគេ ៕