
យ៉ាងហោចណាស់មនុស្ស ២០០ នាក់ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យភៀសខ្លួន បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សានៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។
នៅក្នុង«ការងើបឡើងវិញយ៉ាងខ្លាំង»នៃអំពើហឹង្សា ក្រុមឧទ្ទាមប្រដាប់អាវុធនៃចលនា 23មីនា (M23) កំពុងឆ្ពោះទៅកាន់ទីក្រុងហ្គោម៉ា (Goma) នៃខេត្ត North Kivu ដោយបង្ខំឲ្យជនស៊ីវិលរាប់ពាន់នាក់ ដែលត្រូវបានជាប់នៅក្នុងការវាយប្រហារគ្នា រត់ភៀសខ្លួន ខណៈដែលការប្រយុទ្ធកាន់តែខ្លាំងរវាង M23 កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (FARDC) និងក្រុមប្រដាប់អាវុធផ្សេងៗ។
អង្គការជំនួយ បានប្រាប់សារព័ត៌មាន ABC Newsថា ពួកគេកំពុងឃើញលំហូរជនស៊ីវិលដែលរងរបួសនៅក្នុងទីក្រុងហ្គោម៉ា និង សាកេ (Sake) ដែលជាទីក្រុងតូចមួយដែលមានចម្ងាយប្រហែល ១២ ម៉ាយពីទីក្រុងហ្គោម៉ា ដែលចាត់ទុកថា ជាខ្សែត្រៀមការពារចុងក្រោយទៅកាន់រដ្ឋធានី ចំពេលមានសេចក្តីរាយការណ៍ពីការប្រើប្រាស់កាំភ្លើងធំ និងការបាញ់ផ្លោងយ៉ាងខ្លាំងក្លា ការទម្លាក់គ្រាប់បែកមិនរើសមុខ នៅក្នុងតំបន់ស៊ីវិល។
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC) បាននិយាយថា៖«អ្នកជំងឺគ្រាន់តែបន្តមកដោយ ជិះម៉ូតូ និងរងយន្តក្រុង»។«ការប្រយុទ្ធគ្នាជាបន្ត កំពុងធ្វើឲ្យការផ្តល់ជំនួយកាន់តែពិបាក ឬ មិនអាចទៅរួច ជាពិសេសនៅក្នុងករណីនៃការផ្គត់ផ្គង់វេជ្ជសាស្រ្ត នៅក្នុងតំបន់ដាច់ស្រយាលនៃទីប្រជុំជន រ៉ុតស៊ុរ៉ុ (Rutshuru) និងម៉ាស៊ីស៊ី (Masisi)។