
ក្រុមរដ្ឋមន្រ្តីកំពូលៗអ៊ីស្រាអែលនៅក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានច្រានចោលរដ្ឋប៉ាឡេស្ទីន បន្ទាប់ពីកាសែត Washington Post រាយការណ៍ថា សម្ព័ន្ធមិត្តសំខាន់របស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក កំពុងជំរុញផែនការបង្កើតរដ្ឋប៉ាឡេស្ទីន ។
លោក Bezalel Smotrich គឺជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលនិយាយថា ពួកយើងគ្មានផ្លូវឯកភាពលើផែនការនេះឡើយ ដែលថាប៉ាឡេស្ទីនសក្តិសមទទួលបានរង្វាន់សម្រាប់ការសម្លាប់រង្គាលដែលពួកគេធ្វើមកលើពួកយើង ដែលជារដ្ឋប៉ាឡេស្ទីន មានទីក្រុងហ៊្សេរុយសាឡឹមជារដ្ឋធានីរបស់ខ្លួននោះ ។
លោកថា រដ្ឋប៉ាឡេស្ទីន គឺជាការគំរាមកំហែងអត្ថិភាពមកលើរដ្ឋអ៊ីស្រាអែល ដូចដែលបានបង្ហាញកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣កន្លងទៅ ហើយលោកនឹងទាមទារឲ្យគណៈរដ្ឋមន្រ្តីសន្តិសុខ ជួបប្រជុំដើម្បីប្រកាន់ភ្ជាប់គោលជំហរច្បាស់លាស់ប្រឆាំងនឹងរដ្ឋប៉ាឡេស្ទីន ។
គួរឲ្យដឹងថា កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយបណ្តាប្រទេសអារ៉ាប់មួយចំនួន រួមទាំងអេហ្ស៊ីប ហ្សកដានី អារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអូឌីត ដែលអ៊ីស្រាអែលព្យាយាមបង្កើតទំនាក់ទំនងការទូតជាជាមួយជាយូរមកហើយ លើផែនការក្រោយសង្រ្គាម ដែលរួមទាំងពេលវេលាច្បាស់លាស់សម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីន ។
ដោយឡែក ក្រុមអាជ្ញាធរការបរទេសប៉ាឡេស្ទីន និយាយថា រាល់បណ្តើមគំនិតនយោបាយណាមួយដែលមិនចាប់ផ្តើមជាមួយរដ្ឋប៉ាឡេស្ទីនជាសមាជិកពេញលេញរបស់អង្គការសហប្រជាជាតិ ច្បាស់ណាស់ថានឹងបរាជ័យ ៕