
នៅថ្ងៃសុក្រនេះ ក្រុមអាជ្ញាធរទីក្រុងហុងកុង បាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៧នាក់ ដែលសង្ស័យថាពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ ១,៨ពាន់លានដុល្លារ ដែលជាករណីលាងលុយកខ្វក់ធំជាងគេបំផុតពុំធ្លាប់ដែលមាននៅក្នុងទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ។
ក្រុមអាជ្ញាធរគយ និយាយថា មនុស្សទាំង ៧នាក់ រួមមានបុរស ៥នាក់ និងស្រ្តី ២នាក់ មានអាយុចាប់ពី ២៣ឆ្នាំ ដល់ ៧៤ឆ្នាំ ដែលម្នាក់ក្នុងចំណោមពួកគេត្រូវបានគេជឿថាជាមេផ្តើមគម្រោង ។ ពួកគេពុំបានប្រកាសឲ្យដឹងពីសញ្ជាតិរបស់ជនសង្ស័យនោះឡើយ គ្រាន់តែពួកគេនិយាយថា មនុស្សទាំង ៧នាក់នេះ គឺជាពលរដ្ឋរស់នៅក្នុងទីក្រុងហុងកុង ។
ក្រុមអាជ្ញាធរនិយាយថា គម្រោងមួយនេះ ជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញនៅប្រទេសឥណ្ឌា ហើយនិងការលក់គ្រឿងអេឡិចត្រូនិក ត្បូងកម្រ រួមទាំងពេជ្រ នៅក្នុងចំណោមទំនិញផ្សេងទៀត ។
គម្រោងមួយនេះដែរ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនមិនធ្វើជំនួញ តែមានឈ្មោះនៅលើផ្សារភាគហ៊ុន ហើយនិងគណនីធនាគារជាច្រើនទៀត ដើម្បីលាងលុយកខ្វក់ ក្នុងនោះគណនីមួយទទួលបានប្រាក់បញ្ជើជាង ៥០លើកក្នុង១ថ្ងៃ ។
ជនសង្ស័យទាំង ៧នាក់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំទាំងអស់ ជាមួយនឹងការដាក់ប្រាក់តម្កល់ ហើយក្រុមអាជ្ញាធរពុំបានច្រានចោលនោះដែរ ចំពោះលទ្ធភាពនៃការចាប់ខ្លួនជនសង្ស័យបន្ថែមទៀត ៕