
នៅក្នុងជំរំបណ្តោះអាសន្នសម្រាប់មនុស្សជម្លៀសខ្លួនពីគ្រោះទឹកជំនន់ដ៏អាក្រក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឪពុកកូន ៣នាក់ Cyprien Seka មើលកូនពៅរបស់លោកដេកនៅលើដីក្នុងសំពត់តង់ និងមានមន្ទិលសង្ស័យថាតើវានឹងមានសុវត្ថភាពឬបើសិនជាគ្រួសាររបស់លោកវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ។
ភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យទឹកទន្លេកុងហ្គោឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ កាលពីខែធ្នូកន្លងទៅ ហើយនិងបង្ខំមនុស្សប្រហែល ៥០ម៉ឺននាក់ រត់ភៀសខ្លួនពីទឹកឡើង ដែលគំរាមកំហែងដល់ប្រជាពលរដ្ឋកុងហ្គោរាប់លាននាក់ រស់នៅតាមតំបន់ដងទន្លេរងការជន់លិច ។
លោក Seka និយាយថា វាមានរយៈពេលជិត ១ខែមកហើយ ចាប់តាំងពីពួកយើង បានចាកចេញពីផ្ទះ ដោយសារតែទឹកជំនន់ ពួកយើងបានរងគ្រោះច្រើនណាស់ ។
ដូចគ្នានឹងគ្រួសារជាច្រើនទៀតដែរ គ្រួសាររបស់លោក Seka បាត់បង់ទ្រព្យសម្បត្តិស្ទើតែទាំងស្រុង ពេលប្រញាប់ប្រញាល់រត់គេចចេញពីទឹកជំនន់ ។ ពេលដែលតំបន់មួយចំនួននៅតែបន្តជន់លិច មនុស្សប្រហែល ២.៤០០នាក់ បានជ្រកកោនបណ្តោះអាសន្ននៅក្នុងជំរំមួយនេះ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ។
ខេត្តចំនួន ១៦ក្នុងចំណោម ២៦ខេត្តរបស់កុងហ្គោ ប្រឈមបញ្ហាដោយសារទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោច ២២១នាក់ ធ្វើឲ្យខូចខាតផ្ទះសម្បែងរាប់ម៉ឺនខ្នង និងធ្វើឲ្យសហគមន៍ដែលងាយរងគ្រោះ កើតមានហានិភ័យនៃជំងឺគ្រុនចាញ់ និងជំងឺគ្រុនពោះវៀន ។
លោក Raphaël Tshimanga គឺជាអ្នកធារាសាស្រ្តនៅសាកលវិទ្យាល័យក្រុង Kinshasa និយាយថា ទំហំនៃការសង្រ្គោះបន្ទាន់ បានបញ្ជាក់ពីតម្រូវការបន្ទាន់ឲ្យកុងហ្គោជំរុញការគ្រប់គ្រងទឹកជំនន់ និងការឆ្លើយតប់ចំពោះទឹកជំនន់ ជាពិសេសនៅជុំវិញរដ្ឋធានី ។
លោកថា ការព្រួយបារម្ភមានទំហំធំធេងខ្លាំងណាស់សម្រាប់ទីក្រុង Kinshasa ដែលទទួលទឹកហូរពីបាសាំងទន្លេទាំងមូលរបស់កុងហ្គោ ៕