អាមេរិក៖ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារអគារខុនដូ ដែលដួលរលំនៅតំបន់ម៉ៃអាមីបានកើនឡើងដល់ ២៨នាក់កាលពីថ្ងៃចន្ទ ក្រោយការរកឃើញសាកសពបន្ថែមទៀត បន្ទាប់ពីការវាយកម្ទេចចោលកាលពីយប់ថ្ងៃអាទិត្យនៃអគារដែលនៅសល់ ដែលអាចឱ្យក្រុមអ្នកជួយសង្គ្រោះពង្រីកការស្វែងរក។

មនុស្សចំនួន ១១៧នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួនរយៈពេល ១១ថ្ងៃបន្ទាប់ពីអគារលំនៅដ្ឋានកម្ពស់ ១២ជាន់បានដួលរលំនៅតំបន់ Surfside រដ្ឋ Florida ដែលជំរុញឱ្យមានកិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះដែលបានបន្តស្ទើរតែពេញ ២៤ម៉ោងចាប់តាំងពីពេលហេតុការណ៍នោះកើតឡើងមក។ ការស្វែងរកជនរងគ្រោះត្រូវបានផ្អាកកាលពីយប់ថ្ងៃអាទិត្យ សម្រាប់ការវាយកម្ទេចទាំងយប់លើអគារពាក់កណ្ដាលទៀត ដែលនៅសល់ពីការបាក់រំលំនោះ។
ក្រុមមន្ត្រីបានសម្រេចចិត្តផ្ដួលរំលំអគារនៅសេសសល់ដែលមិនស្ថិតស្ថេរនេះ ព្រោះវាបង្កការគំរាមកំហែងដល់ក្រុមអ្នកជួយសង្គ្រោះ។ ព្យុះត្រូពិកអេលសា (Storm Elsa) នៅតំបន់ការ៉ាអ៊ីបក៏បានគំរាមបក់បោកផងដែរ បើទោះបីជាការព្យាករណ៍ថ្មីៗបង្ហាញថា តំបន់ Surfside ទំនងជានឹងចៀសផុតពីខ្យល់ព្យុះ ដែលបោកបក់ទៅកាន់ភាគខាងជើងពីប្រទេសគុយបា៕
អត្ថបទ៖ សុខមាន