
មូលនិធិសិទ្ធិមនុស្សឧបទ្វីបស៊ីណៃ បានចុះផ្សាយរូបភាពវីដេអូឃ្លីប និងរូបថតសន្លឹកដែលពួកគេនិយាយថា វាគឺជាសម្ភារៈសំណង់នៅតំបន់ព្រំដែននៅក្នុងប្រទេសអេហ្ស៊ីប ជិតទីក្រុង Rafah ។
ដោយលើកឡើងពីប្រភពមិនច្បាស់លាស់ មូលនិធិសិទ្ធិមនុស្សឧបទ្វីបស៊ីណៃនិយាយថា ការងារសំណង់នេះ មានគោលបំណងបង្កើតកន្លែងសុវត្ថិភាព ក្នុងករណីដែលមានលំហូរជនប៉ាឡេស្ទីនទ្រង់ទ្រាយធំ ។
ប្រភពចំនួន ៤ បាននិយាយថា អេហ្ស៊ីបកំពុងរៀបចំកន្លែងសុវត្ថិភាពនៅព្រំដែនតំបន់ហ្គាហ្សា ដែលអាចទទួលឲ្យជនប៉ាឡេស្ទីនស្នាក់នៅ ក្នុងករណីដែលអ៊ីស្រាអែលវាយប្រហារចូលទីក្រុង Rafah ធ្វើឲ្យមានលំហូរជនប៉ាឡេស្ទីនឆ្លងកាត់ព្រំដែន ។
អេហ្ស៊ីបដែលច្រានចោលការរៀបចំកន្លែងស្នាក់នៅបែបនេះ បានព្រមានម្តងហើយម្តងទៀតពីលទ្ធភាពដែលអ៊ីស្រាអែលវាយប្រហារតំបន់ហ្គាហ្សា អាចធ្វើឲ្យជនប៉ាឡេស្ទីនជម្លៀសខ្លួន ធ្វើដំណើរមកកាន់ឧបទ្វីបស៊ីណៃ គឺជាអ្វីមួយដែលទីក្រុងគែរ និយាយថា វាគឺជារឿងដែលពុំអាចទទួលយកបាននោះឡើយ ។
ដោយឡែក សហរដ្ឋអាមេរិក និយាយផងដែរថា ខ្លួនជំទាស់ដាច់ខាតការជម្លៀសខ្លួនណាមួយរបស់ជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សា ៕