
សន្តិសុខ ត្រូវបានរឹតបន្តឹងនៅទីក្រុង Munich នាថ្ងៃសុក្រនេះ ពេលដែលរដ្ឋធានីរបស់អាល្លឺម៉ង់មួយនេះ រៀបចំកិច្ចប្រជុំសន្តិសុខ Munich (MSC) ប្រចាំឆ្នាំរបស់ខ្លួន ដែលមានការចូលរួមពីក្រុមអ្នកនយោបាយ ក្រុមមន្រ្តីយោធា និងក្រុមមន្រ្តីការទូតមកពីជុំវិញពិភពលោក ។
កិច្ចប្រជុំ MSC នឹងពិភាក្សាលើបញ្ហាសង្រ្គាមនៅអ៊ីស្រាអែល និងអ៊ុយក្រែន ក៏ដូចជាក្តីបារម្ភលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន ។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ស្ថិតនៅក្នុងចំណោមក្រុមមន្រ្តីកំពូលៗ ដែលចូលរួមកិច្ចប្រជុំ MSC ដែលជាការជួបជុំគ្នាសកលប្រចាំឆ្នាំ ផ្តោតសំខាន់លើវិស័យការពារជាតិ និងវិស័យការទូត ។
ដោយឡែក ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog និងនាយករដ្ឋមន្រ្តីអាជ្ញាធរប៉ាឡេស្ទីនលោក Mohammad Shtayyeh ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំនេះផងដែរ ដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ រហូតដល់ថ្ងៃអាទិត្យ ក្នុងសណ្ឋាគារប្រណីត Bayerischer Hof ស្ថិតនៅភាគខាងត្បូងទីក្រុង Munich ៕