
ក្នុងអំឡុងពេលទស្សនកិច្ចនៅអ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា បែបក់ (Annalena Baerbock) បានជំរុញឲ្យមានការជម្លៀសប្រជាជនស៊ីវិលចេញពីទីក្រុងរ៉ាហ្វា( Rafah) នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រី មុនពេលការវាយលុករបស់អ៊ីស្រាអែល។
លោកស្រីបែបក់ បាននិយាយនៅថ្ងៃទី២នៃដំណើរទស្សនកិច្ចការទូតរបស់លោកស្រីកាលពីថ្ងៃព្រហស្បតិ៍ថា វាជារឿងសំខាន់សម្រាប់លោកស្រី ដែលសហគមន៍អន្តរជាតិធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាថា ប្រជាជនមួយលាននាក់នៅក្នុងទីក្រុងនេះ ទទួលបានសុវត្ថិភាព។
អ្នកការទូតអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីន ត្រូវការច្រករបៀងការពារត្រឡប់ទៅភាគខាងជើងនៃតំបន់ឆ្នេរសមុទ្រ មុនពេលការវាយប្រហារ ត្រូវបានចាប់ផ្តើម ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម សកម្មប្រយុទ្ធអ៊ីស្លាមនៅទីក្រុងរ៉ាហ្វា។
ក្នុងពេលជាមួយគ្នានេះ លោកស្រីបែបក់ បានសង្កត់ធ្ងន់ថា៖«ក្រុមហាម៉ាស គឺជាឫសគល់ជាមូលដ្ឋាននៃស្ថានភាពនេះ។ យើងឈរក្នុងសាមគ្គីភាពពេញលេញជាមួយប្រជាជននៅទីនេះក្នុងប្រទេសអ៊ីស្រាអែល»។
លោកស្រី បាននិយាយថា ក្រុមសកម្មប្រយុទ្ធមកពីអង្គការប៉ាឡេស្ទីន ហាម៉ាស បានរំលោភស្ត្រី និង «សម្លាប់កុមារតូចៗតាមរបៀបដ៏ឃោរឃៅបំផុត» នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។