
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និយាយនៅថ្ងៃសុក្រនេះថា ជនបំផ្លិចបំផ្លាញជាច្រើននាក់ រួមទាំងជនជាតិអ៊ុយក្រែន និងបេឡារុស ត្រូវបានឃាត់ខ្លួននៅព្រំដែនប្រទេសទាំង ២ អំឡុងប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម ។
ថ្លែងនៅព្រឹត្តការណ៍ក្នុងទីក្រុង Minsk លោក Lukashenko និយាយថា អ្នកត្រូវឃាត់ខ្លួន បានលូនឆ្លងកាត់ព្រំដែន និងបញ្ជូនគ្រឿងផ្ទុះ ដើម្បីប្រព្រឹត្តអំពើបំផ្លិចបំផ្លាញនៅរុស្ស៊ី និងបេឡារុស ។ ប៉ុន្តែលោកពុំបានបញ្ជាក់ថាតើចំនួនមនុស្សប៉ុន្មាន ត្រូវបានឃាត់ខ្លួននោះឡើយ ។
នៅក្នុងសុន្ទរកថារបស់លោក លោក Lukashenko និយាយថា ក្រុមស្រដៀងគ្នានេះ ត្រូវបានឃាត់ ២ ឬ ៣លើកក្នុង ១សប្តាហ៍ ។
លោកថា ដោយមានជំនួយពីយានដ្រូន ពលរដ្ឋអ៊ុយក្រែនមួយចំនួន បានលូនឆ្លងកាត់ព្រំដែនរបស់ពួកយើង និងបញ្ជូនគ្រឿងផ្ទុះចូលទឹកដីរបស់ពួកយើង ។
បេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់រុស្ស៊ី បានផ្តល់ការគាំទ្រភស្តុភាដល់ទីក្រុងម៉ូស្គូ តាមរយៈយុទ្ធនាការយោធារបស់ពួកគេនៅអ៊ុយក្រែន ៕