
សេចក្ដីស្នើច្បាប់ ដើម្បីដកសិទ្ធិអំណាចនៃរដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden ដែលលុបចោលការយល់ព្រមលើការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) នោះ បានឆ្លងផុតសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋហើយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកុម្ភៈ) ប៉ុន្តែប្រឈមនឹងការជជែកដេញដោលយ៉ាងខ្លាំងក្លា នៅព្រឹទ្ធសភា។
សភាបានអនុម័តសេចក្ដីស្នើច្បាប់ដែលគាំទ្រដោយលោក August Pfluger ដែលជាតំណាងរាស្ត្រប្រចាំរដ្ឋផលិតហ្គាស Texas ជាមួយនឹងសំឡេងគាំទ្រ ២២៤ ទល់នឹង ២០០ តាមរយៈការបោះឆ្នោតជួរគណបក្សភាគច្រើន។ តែយ៉ាងណាក្ដី ច្បាប់នេះចាំបាច់ត្រូវទទួលបានការអនុម័តនៅព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ និងចុះហត្ថលេខាដោយលោក Biden ដើម្បីក្លាយជាច្បាប់ជាធរមាន ដែលទាំង២យ៉ាងនេះ ទំនងជាមិនអាចកើតឡើងនោះទេ។
ClearView Energy Partners ដែលជាក្រុមស្រាវជ្រាវគោលនយោបាយមិនលម្អៀង បានហៅច្បាប់នេះថា ជា «កិច្ចប្រឹងប្រែងផ្ញើសារបន្ថែមទៀត និងការចាប់ផ្តើមជជែកដេញដោល ជាងការលុបចោលការផ្អាក» ហើយបាននិយាយថា វាមិនទំនងជាឆ្លងផុតព្រឹទ្ធសភានោះទេ។ សេចក្តីព្រាងច្បាប់នេះបានដកសិទ្ធិអំណាច ដើម្បីអនុម័តការនាំចេញពីនាយកដ្ឋានថាមពល ហើយទុកឲ្យគណៈកម្មការគ្រប់គ្រងថាមពលសហព័ន្ធឯករាជ្យជាស្ថាប័នតែមួយគត់ ដែលអនុម័តគម្រោង LNG។
សូមរំលឹកថា កាលពីចុងខែមុន លោក Biden បានផ្អាកការអនុម័ត ដើម្បីឲ្យមានការនាំចេញទៅកាន់ទីផ្សារធំៗ នៅទ្វីបអឺរ៉ុប និងអាស៊ី ក្នុងគោលបំណង «ពិនិត្យមើលឲ្យបានប្រាកដប្រជ អំពីផលប៉ះពាល់លើបរិស្ថាន និងសេដ្ឋកិច្ចនៃអាជីវកម្មដែលកំពុងរីកចម្រើននេះ។ សហរដ្ឋអាមេរិកបានក្លាយជាអ្នកនាំចេញ LNG ដ៏ធំបំផុត កាលពីឆ្នាំមុន ហើយការនាំចេញរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេដងនៅចុងទសវត្សរ៍នេះ៕