
ប្រទេសអ៊ុយក្រែននឹងត្រូវទទួលបានការគាំទ្រផ្នែកយោធាទ្វេដងពីសហភាពអឺរ៉ុប (EU) ដើម្បីបំពេញចន្លោះប្រហោង ប្រសិនបើដំណើរការផ្ដល់ជំនួយរបស់អាមេរិក នៅតែជាប់គាំងដដែល។ នេះបើតាមការប៉ាន់ស្មានដោយក្រុមស្រាវជ្រាវអាល្លឺម៉ង់។
បើយោងតាមស្ថាប័នតាមដានជំនួយអ៊ុយក្រែន (Ukraine Support Tracker) ចុងក្រោយបង្អស់ពីវិទ្យាស្ថាន Kiel បានឲ្យដឹងថា អនាគតនៃជំនួយយោធាពីទីក្រុងវ៉ាស៊ីនតោន នៅតែមានភាពមិនស្រពេចស្រពិលខ្លាំង ដោយធ្វើឲ្យការគាំទ្រពី EU ជាជម្រើសដ៏សំខាន់តែមួយគត់របស់ទីក្រុងគីវ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលុកលុយទ្រង់ទ្រាយធំរបស់រុស្ស៊ី។
របាយការណ៍នេះកើតមានឡើងនៅពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky រៀបចំជួបជាមួយមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ និងបារាំង នៅថ្ងៃសុក្រ (ទី១៦ ខែកុម្ភៈ) នេះ ចំពេលមានការខ្វែងគំនិតគ្នាក្នុងការផ្តល់មូលនិធិ នៅឯទីក្រុងវ៉ាស៊ីនតោន។
ថវិកាដែលនៅសល់ចុងក្រោយសម្រាប់ជំនួយយោធារបស់សហរដ្ឋអាមេរិក បានអស់ទៅៗ នៅចុងឆ្នាំ២០២៣។ ទោះបីជាព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ បានអនុម័តការផ្តល់មូលនិធិបន្ថែមសម្រាប់អ៊ុយក្រែនក៏ដោយ ក៏ច្បាប់នេះប្រឈមមុខនឹងឧបសគ្គយ៉ាងធ្ងន់ធ្ងរនៅក្នុងសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។
ខណៈដែលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ត្រៀមនឹងឈានចូលដល់ឆ្នាំទី៣ ហើយនោះ ការសន្យាផ្ដល់ជំនួយយោធាថ្មី មានចំនួន ៩,៨ពាន់លានអឺរ៉ូ (ជាង ១០ពាន់លានដុល្លារ) ចន្លោះពីថ្ងៃទី១ ខែវិច្ឆិកាដល់ថ្ងៃទី១៥ ខែមករា ដោយធ្លាក់ចុះពីចំនួន ២៧ពាន់លានអឺរ៉ូ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះមានរួមបញ្ចូលជាមួយនឹងចំនួន ២១ពាន់លានអឺរ៉ូពីសហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមការគណនារបស់ក្រុមអ្នកស្រាវជ្រាវ៕