
ប្រទេសគុយវ៉ែតបានរំលាយសភាជាផ្លូវការនៅក្នុងក្រិត្យ Amiri ដែលបានចេញកាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកុម្ភៈ)។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយវ៉ែត។
នៅព្រឹកថ្ងៃព្រហស្បតិ៍នោះ គណៈកម្មាធិការខុទ្ទកាល័យគុយវ៉ែតបានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសការកត់សម្គាល់ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋសភា ដោយសមាជិករបស់ខ្លួន កាលពីថ្ងៃទី៧ ខែកុម្ភៈថា «មិនសមរម្យ» និង «ប្រមាថ» ហើយអំពាវនាវឲ្យរំលាយរដ្ឋសភា។
ព្រះចៅ Sheikh Mishal Al-Ahmad Al-Jaber Al-Sabah នៃប្រទេសគុយវ៉ែត បន្ទាប់មកបានឡាយព្រះហស្តលេខាលើក្រឹត្យ Amiri ដោយលើកឡើងពីមាត្រា ១០៧ នៃរដ្ឋធម្មនុញ្ញ ហើយបានយល់ព្រមតាមសំណើរបស់គណៈរដ្ឋមន្ត្រី ដើម្បីរំលាយរដ្ឋសភា។
គួរបញ្ជាក់ថា ប្រទេសគុយវ៉ែតជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ហើយទំនាក់ទំនងរវាងរដ្ឋាភិបាល និងសភាមានជម្លោះជាយូរមកហើយ។ យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសគុយវ៉ែត ប្រទេសនេះនឹងរៀបចំការបោះឆ្នោតសភាជាតិថ្មី ក្នុងរង្វង់រយៈពេល ៦០ថ្ងៃ៕