កាលពីថ្ងៃសុក្រ ពលរដ្ឋ ទីក្រុង La Paz ប្រទេសបូលីវី បានព្យាយាមស្រោចស្រង់ទ្រព្យសម្បត្តិរបស់ពួកគេ ក្នុងសង្កាត់ដែលត្រូវជម្លៀសចេញដោយផ្នែក។ ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យបាក់ស្រុតលំនៅឋាន ទឹកទន្លេពេញហៀរ និងបណ្តាលឲ្យមានបំណាក់ដី។

នៅក្នុងសង្កាត់ បាចូ សាន អ៊ីស៊ីដ្រូ(Bajo San Isidro) ពលរដ្ឋម្នាក់ បានរើកកាយនៅតាមកម្ទេចកម្ទីនៅលំនៅឋានដែលបាក់រលំរបស់លោក ដោយស្វែងរករបស់របរដែលនៅសេសសល់។ ភ្លៀងធ្លាក់ឥតឈប់ឈរ កាលពីដើមសប្តាហ៍នេះ បានបោកបក់បំផ្លាញលំនៅឋាន ដែលលោក និងបងប្រុសរបស់លោកបានសាងសង់ឡើងទាំងលំបាក។
នៅក្នុងស្រុកដដែលនេះ ពលរដ្ឋនៅលំនៅចំនួន៧ខ្នងផ្សេងទៀតត្រូវបានជម្លៀសចេញ ដោយសារតែហានិភ័យបាក់ស្រុត ខណៈកម្មកររដ្ឋាភិបាលក្នុងតំបន់ បានជួសជុលស្នាមប្រេះបាក់នៅតាមដងផ្លូវ។
អង្គភាពសេវាឧតុនិយមជាតិប្រទេសបូលីវី បានដាក់ទីក្រុង La Paz លើការព្រមានពណ៌លឿងទុំ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនៅសប្តាហ៍នេះ បានឈានដល់កម្រិតខ្ពស់បំផុតរយៈពេល ២០ឆ្នាំមកនេះ នៅក្នុងទីក្រុង La Paz ដោយមានកម្រិតរហូតដល់៨៥ មីលីម៉ែត្រដែលត្រូវបានរាយការណ៍។
