ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សហការជាមួយបណ្ដាញអតីតនិស្សិតកម្ពុជា ដែលបញ្ចប់ការសិក្សាពីប្រទេសថៃ និង Go Study Thailand នៅថ្ងៃទី១៧ ខែកុម្ភៈនេះ បានប្រកាសបើកកម្មវិធី “ពិព័រណ៍ការសិក្សា និងការងារថៃ២០២៤” នៅ CJCC សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នៅក្នុងកម្មវិធីនេះ ឯកឧត្តម ឆឺតគៀត អាតថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការស្វែងរកឱកាសពិសេសសម្រាប់ការសិក្សានៅប្រទេសថៃ ជាមួយសាកលវិទ្យាល័យនានាឈានមុខគេពីប្រទេសថៃ ហើយនឹងអាចផ្តល់នូវឱកាសការងារជាមួយក្រុមហ៊ុនថៃល្បីៗជាច្រើននៅកម្ពុជា។

ឯកឧត្តម បានបន្តទៀតថា នៅឆ្នាំនេះមានវិស័យអប់រំឯកជន និងក្រុមហ៊ុនពាណិជ្ជកម្មចំនួនជាង ២០ក្រុមហ៊ុន ដើម្បីចូលរួមតាំងបង្ហាញព័ត៌មានអំពីកម្មវិធីសិក្សា និងឱកាសការងារជូនដល់យុវជននៅកម្ពុជា។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា វេទិកានេះនឹងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត តាមរយៈវិស័យអប់រំ និងឱកាសការងារនេះ។

ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាពិព័រណ៍អប់រំ និងការងារនេះថា បានប្រព្រឹត្តទៅនៅពេលដែលប្រជាជាតិកម្ពុជាកំពុងរស់នៅក្នុងសន្តិភាព ឯកភាពជាតិនិងទឹកដី ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កត្តាសន្តិភាព និងស្ថិរភាពនយោបាយនេះ បានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងថៃ កាន់តែប្រសើរឡើង ជាពិសេសរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចផ្លូវរដ្ឋទៅវិញទៅមកក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនាមជាប្រទេសសមាជិកអាស៊ាន៕ អត្ថបទ៖ ឈិត បូរ៉ាវី










