បាល់ទាត់៖ ក្រុមព្រះខ័នរាជស្វាយរៀងនឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ ក្រុមកំពូលតារាងអង្គរថាយហ្គឺរនាវេលាម៉ោង ៦ល្ងាចថ្ងៃទី០៦ ខែកក្កដានេះក្នុងជំនួបបង្គ្រប់សប្ដាហ៍ទី៦ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១។ ចាំមើលតើក្រុមលោក Conor Nestor អាចបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះបាន ឬទេ?

នេះគឺជាជំនួបដ៏ជក់ចិត្តលើទឹកដីខេត្តស្វាយរៀង ហើយក៏ជាការប្រកួតដែលក្រុមខ្លាំងទាំងពីរកំពុងទន្ទឹងរង់ចាំផងដែរ បន្ទាប់ពីផ្អាកការប្រកួតអស់រយៈពេលជាង ១ខែកន្លះអំឡុងពេលក្រុមជម្រើសជាតិកម្ពុជាចូលរួមការប្រកួតសេសសល់ នៅក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសបារ៉ែនកាលពីថ្មីៗកន្លងទៅ។ បច្ចុប្បន្នក្លិបព្រះខ័នរាជស្វាយរៀងកំពុងឈរលេខ៥ និងមាន ៩ពិន្ទុក្នុងដៃបន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ៣ និងចាញ់ ១ ស្របពេលក្រុមអង្គរថាយហ្គឺរកំពុងឈរកំពូលតារាង និងមាន ១៣ពិន្ទុជាមួយលទ្ធផល ៥ប្រកួតឈ្នះ ៤ និងស្មើ ១។ ដូច្នេះការប្រកួតល្ងាចនេះគឺជាជំនួបដ៏សំខាន់ ដែលក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លួនដើម្បីរក្សាឱកាសប្រជែងពានឆ្នាំ២០២១។
ក្រឡេកទៅមើលប្រវត្តិជួបគ្នាវិញ បន្ទាប់ពីព្រះខ័នរាជស្វាយរៀងធ្លាប់យកឈ្នះអង្គរថាយហ្គឺរ ៦-១ កាលពីឆ្នាំ២០១៦ គេឃើញថា ការជួបគ្នា ៧លើកចុងក្រោយ ភាគច្រើនក្រុមទាំងពីរសុទ្ធតែបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ពោលគឺឈ្នះចាញ់ម្ដងម្នាក់ និងស្មើគ្នារហូតដល់ទៅ ៥ដងឯណោះ។ ដូច្នេះការប្រកួតល្ងាចនេះត្រូវបានគេរំពឹងថា មិនមានគ្រាប់បាល់កើតឡើងច្រើននោះទេ ដ្បិតក្រុមទាំងពីររៀបចំក្រុមបានល្អដូចគ្នាក្នុងរដូវកាលថ្មីនេះ។ គួរបញ្ជាក់ថា ជំនួបដ៏ជក់ចិត្ដរវាងក្រុមជើងឯករងឆ្នាំចាស់ និងក្រុមកំពូលតារាងល្ងាចនេះនឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News។ ដោយឡែកនៅថ្ងៃទី៧ ខែកក្កដាស្អែកក៏មាន ២ប្រកួតផ្សេងទៀតដែរ ដែលជាការប្រកួតបង្គ្រប់សប្ដាហ៍ទី២ និងសប្ដាហ៍ទី២ រួមមានក្រុមអាស៊ីអឺរ៉ុបត្រូវបើកទ្វារផ្ទះទទួលក្រុមការពារតំណែងជើងឯកបឹងកេត នៅកីឡដ្ឋាន AEU Sport Park និងក្រុមនគរបាលជាតិត្រូវជួបក្រុមណាហ្គាវើលដ៏នៅកីឡដ្ឋាន 7NG៕
អត្ថបទ៖ លី ឈុនឡា