នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋា ថាវីស៊ីន បាននិយាយនៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈនេះថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត ដែលជាប់ពន្ធនាគារ នឹងត្រូវដោះលែង នៅថ្ងៃទី១៨ ខែកុម្ភៈ ស្អែកនេះ។
លោកថាក់ស៊ីន បានស្ថិតនៅក្នុងការឃុំខ្លួននៅក្នុងមន្ទីរពេទ្យ ចាប់តាំងពីខែសីហា បន្ទាប់ពីបានវិលត្រឡប់មកប្រទេសវិញ ពីការរស់នៅក្រៅប្រទេសអស់រយៈពេល១៥ឆ្នាំ ក្នុងការនិរទេសដោយខ្លួនឯង ដើម្បីគេចពីការជាប់ពន្ធនាគារ សម្រាប់ជម្លោះផលប្រយោជន៍។

លោកបានជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ដែលត្រូវបានសម្រាលទោសមកត្រឹមមួយឆ្នាំ ដោយព្រះមហាក្សត្រ បន្ទាប់ពីការវិលត្រឡប់មកវិញរបស់លោក ហើយបានជាប់ពន្ធនាគាររយៈពេល៦ខែ នៅក្នុងការឃុំខ្លួននៅក្នុងមន្ទីរពេទ្យ ដោយសារតែស្ថានភាពសុខភាព ដែលពុំត្រូវបានបង្ហាញឲ្យដឹង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អតីតមន្ត្រីនគរបាល និងជាមហាសេដ្ឋីទូរគមនាគមន៍ ដែលបានស្ថិតនៅចំកណ្តាលនៃភាពចម្រូចម្រាសរយៈពេលពីរទសវត្សរ៍ ដើម្បីអំណាចនៅក្នុងប្រទេសថៃ លោកថាក់ស៊ីន ស្ថិតក្នុងបញ្ជីអ្នកទោសចំនួន ៩៣០នាក់ ដែលត្រូវបានចាត់ទុកថាជាមនុស្សចាស់ ឬឈឺ ហើយត្រូវបានអនុម័តឱ្យដោះលែងមុនកាលកំណត់។
