លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ មិនមានអំពើចោរកម្ម ឬករណីឆក់ទ្រព្យសម្បត្តិពីជនបរទេសណាម្នាក់នោះឡើយ នៅលើផ្លូវព្រះស៊ីសុវត្ថិ ។

ការបញ្ជាក់របស់អ្នកនាំពាក្យ ថ្លែងឡើងបន្ទាប់ពី ផេកហ្វេសប៊ុករបស់ស្ថានទូតរុស្ស៊ី ប្រចាំនៅកម្ពុជា បានបង្ហោះសារឱ្យពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាអសន្តិសុខ ពិសេសសកម្មភាពឆក់ទ្រព្យសម្បត្តិ នៅលើផ្លូវព្រះស៊ីសុវត្ថិ ។
លោកវរសេនីយ៍ បានបន្តថា រយៈពេលប៉ុន្មានខែចុងក្រោយនេះមិនមានករណីឆក់នៅលើផ្លូវព្រះស៊ីសុវត្ថិនោះទេ ហើយសមត្ថកិច្ចមិនបានទទួលព័ត៌មាន ឬពាក្យបណ្តឹងពីជនបរទេស ឬប្រជាពលរដ្ឋរុស្ស៉ីណាម្នាក់ រងគ្រោះដោយសារអំពើចោរកម្ម ផងដែរ គឺមានតែករណីជនជាតិឆែក គាត់ស្រវឹងដេកលើបង់នៅសួនច្បារមាត់ទន្លេ ហើយត្រូវជនសង្ស័យយកឡាមកាត់ខ្សៃកាបូប និងលួចទូរស័ព្ទដៃ។ ប៉ុន្តែករណីនេះ សមត្ថកិច្ចក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសផងដែរ ហើយបច្ចុប្បន្នជនបរទេសរងគ្រោះ ពុំទាន់ទៅទទួលយកសម្ភារៈដែលបានបាត់បង់នូវឡើយទេ។

ដើម្បីជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានដឹកនាំកិច្ចប្រជុំអំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជាមួយការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ផងដែរ ដើម្បីបន្តពង្រឹងការការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបាន១០០ភាគរយ ពិសេសការល្បាតពួនស្ទាក់ ដើម្បីត្រៀមចាំបង្ក្រាបនូវរាល់សកម្មភាពបទល្មើសនានា ដែលអាចកើតមានឡើងបានគ្រប់ពេល និងគ្រប់កន្លែង។
ឯកឧត្តមស្នងការ បានបញ្ជាក់ថា ក្នុងករណីជនបរទេសណាម្នាក់រងគ្រោះក្នុងអំពើចោរកម្មផ្សេងៗ សូមទំនាក់ទំនងមកសមត្ថកិច្ច ដើម្បីដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចនឹងស្រាវជ្រាវបង្ក្រាបលើករណីនោះឱ្យទាន់បានទាន់ពេលវេលាផងដែរ ៕ លីហេង





