ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញ និងលើកទឹកចិត្តដល់មន្ដ្រីកសិកម្មឃុំចំនួន ២៥០នាក់ ដែលទើបចប់វគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូង ត្រូវយកចិត្តទុកដាក់បង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីកសិកម្មឃុំ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីរសៀលថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីកសិកម្មឃុំទាំងអស់ ត្រូវយល់ឱ្យបានច្បាស់ពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ដែលផ្ដោតសំខាន់លើការធានាសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ លើសពីនេះទៀត ត្រូវក្តាប់ការងារ និងស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់ ទាំងស្ថានភាពសេដ្ឋកិច្ច ទាំងការផ្ដល់បច្ចេកទេសកសិកម្មដល់ប្រជាកសិករ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ទាំងមន្រ្តីកសិកម្មឃុំ ក៏ដូចជាមន្ត្រីរាជការ គឺត្រូវបម្រើប្រជាពលរដ្ឋដោយឧត្តមគតិ និងស្មារតីទទួលខុសត្រូវ។ ដូច្នេះ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងត្រូវមានយុទ្ធសាស្ត្រការងារ និងកិច្ចសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត និងទទួលបានការផ្តល់ទំនុកចិត្តពីពលរដ្ឋ៕អត្ថបទ៖ ឈិត បូរ៉ាវី











