សៀមរាប ៖ មន្ដ្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងនឹងមមាញឹកក្នុងការបង្វែរទឹកចេញពីតំបន់អង្គរ ទៅតាមបណ្ដោយផ្លូវទឹកបុរាណនានា ឆ្ពោះទៅកាន់ស្ទឹងស្រុកពួក និងស្ទឹងស្រុកប្រាសាទបាគង ដើម្បីបង្ហូរទៅក្នុងបឹងទន្លេសាប ខណៈដែលក្នុងតំបន់អង្គរបានបង្ហូរចូលគ្រប់គ្រាន់។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីថ្ងៃទី០៧ ខែតុលាថា ស្ថានភាពទឹកភ្លៀងនៅរដូវវស្សាឆ្នាំនេះធ្លាក់យឺតជាងឆ្នាំមុន ប៉ុន្តែបរិមាណទឹកច្រើនជាងឆ្នាំមុន ដោយសារមានទឹកភ្លៀងហូរធ្លាក់ពីតំបន់ខាងជើងនៃបឹងទន្លេសាប ជាពិសេសធ្លាក់លើភ្នំគូលេន។ លោក បន្ដថា មន្ត្រីជំនាញគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាត់ចែង និងប្រមូលទឹកភ្លៀងទាំងនោះតាមប្រព័ន្ធផ្លូវទឹកបុរាណ ដើម្បីបញ្ជូនទឹកទៅរក្សាទុកក្នុងក្នុងឧទ្យានអង្គរ រួមមានបារាយណ៍ខាងជើង បារាយណ៍លលៃ កសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងលិច កសិន្ធុប្រាសាទចៅស្រីវិបុល និងអាងស្តុកផ្សេងៗទៀតស្ទើរគ្រប់តម្រូវការហើយ។
លោក បន្ថែមថា នៅពេលដែលពេលទឹកបញ្ចូលគ្រប់គ្រាន់តាមត្រូវការក្នុងតំបន់អង្គរហើយនោះ មន្ត្រីជំនាញបាននឹងកំពុងបញ្ចៀសទឹកតាមប្រព័ន្ធផ្លូវទឹកបុរាណផ្សេងៗ ដើម្បីទម្លាក់ទៅបឹងទន្លេសាបតាមស្ទឹងពួក ស្ទឹងព្រះស្រុក និងស្ទឹងសៀមរាប ស្ទឹងនៅស្រុកប្រាសាទបាគង ដើម្បីកុំមានផលប៉ះពាល់លិចក្រុងសៀមរាប ខណៈដែលស្ថានភាពទឹកធំដូចកាលពីឆ្នាំ២០១១ ក៏ដោយ។
លោក ភឿន សុឃីម បានបញ្ជាក់ថា តាំងពីអាជ្ញាធរជាតិអប្សរាបានស្តារប្រព័ន្ធផ្លូវទឹក បុរាណចាប់តាំងពីឆ្នាំ២០១២មក តំបន់អង្គរ និងក្រុងសៀមរាបមិនដែលលិចលង់ដោយ សារទឹកជំនន់នោះទេ ដែលនេះ បង្ហាញថា ប្រព័ន្ធផ្លូវទឹកបុរាណពិតជាមានប្រសិទ្ធភាពបញ្ចៀសទឹកជំនន់ចេញពីក្រុងសៀមរាបបានល្អណាស់។ លោក បានបន្ថែមថា ការបញ្ចូលទឹកនៅក្នុងតំបន់អង្គរបណ្ដោះអាសន្ននេះជិតគ្រប់តម្រូវការ ប៉ុន្ដែបើសិនទឹកស្រកខុសពីបរិមាណតម្រូវការទៅវិញនឹងមានការបញ្ចូលបន្ថែមទៀតនៅខែខាងមុខទៀត។
លោក បានបន្តថា សម្រាប់ស្ថានភាពទឹកនៅរដូវវស្សាឆ្នាំនេះ មានផលល្អដោយមន្ដ្រីជំនាញ ក៏ដូចជាអាជ្ញាធរជាតិអប្សរាមិនព្រួយបារម្ភពីកង្វះទឹកនៅក្នុងតំបន់អង្គរនោះទេ។ មន្ដ្រីជំនាញរូបនោះ បានបន្ដថា នៅក្នុងតំបន់អង្គរដែលមានត្រូវការទឹកដល់ទៅជាង១រយលានម៉ែត្រគុប សម្រាប់ទ្រទ្រង់ប្រាសាទ និងការងារអភិរក្សនៅរដូវប្រាំង៕
អត្ថបទ ៖ ឈិត សាវី




