បាល់ទាត់៖ ក្រុមការពារតំណែងជើងឯកទ្វីបអាមេរិកខាងត្បូង Copa America បានឈានឡើងវគ្គផ្តាច់ព្រ័ត្រហើយក្រោយជ័យជំនះ ១-០ លើប៉េរូព្រឹកមិញនេះនៅកីឡដ្ឋាន Nilton Santos ទីក្រុង Rio de Janeiro។

អ្នកចាំទីប៉េរូ Pedro Gallese ជួយសង្គ្រោះបាល់គ្រោះថ្នាក់បានជាច្រើន ក្នុងការប្រកួតនេះដល់ទៅ ៧លើកតែមិនអាចរារាំងគ្រាប់បាល់បញ្ចូននៅនាទីទី៣៥ បានឡើយនៅពេល Neymar ញាក់ដាច់ខ្សែការពារប៉េរូ ៣នាក់ និងអូសបាល់ចូលប្រឡោះដើម្បីបញ្ជូនបាល់ឱ្យ Lucas Paqueta ស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះបានសំរេច។
នៅវគ្គទី២ ប៉េរូជាក្រុមលេងបានល្អជាង និងមានឱកាសច្រើនតែមិនអាចកែច្នៃឱកាសបាន ខណៈការប្រកួតបញ្ចប់ដោយប្រេស៊ីលយកឈ្នះ ១-០។ ជ័យជំនះនេះធ្វើឱ្យប្រេស៊ីលឡើងវគ្គផ្តាច់ព្រ័ត្រ Copa America លើកទី២១ ដោយនឹងត្រូវជួបជាមួយក្រុមឈ្នះរវាងអាហ្សង់ទីន និងកូឡុំប៊ីដែលប្រកួតព្រឹកស្អែក៕
អត្ថបទ៖នាង សុភាវុធ