កំពត ៖ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានផ្សព្វផ្សាយតាមហ្វេសប៊ុករបស់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ថា ដោយសារមានសំណូមពរក៏ដូចជាការផ្តល់មតិជាច្រើនពីបងប្អូនប្រជាពលរដ្ឋទាំងអស់ពាក់ព័ន្ធស្លាកសញ្ញាកំណត់ល្បឿនតូចមើលមិនឃើញ លោកបានធ្វើស្លាកសញ្ញាកំណត់ល្បឿនដែលមានទំហំ 1,50m X 1,50m ចំនួនបីផ្ទាំងចាប់ពីព្រំប្រទល់នរាយណ៍ស្រុកឈូក រហូតដល់ក្លោងទ្វារចូលក្រុងកំពតដែលមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ដើម្បីងាយស្រួលបងប្អូនមើលឃើញ។
ជាមួយនឹងការលើកឡើងនេះដែរស្នងការនគរបាលខេត្តកំពតបានចែកចាយភ្ជាប់នូវផ្ទាំងស្លាកនោះផងដែរ និងបានបន្ថែមថា នេះជាគំរូស្លាកសញ្ញាដែលលោករៀបចំ ហើយស្អែកនេះនឹងរៀបចំយកទៅតំឡើងនៅតាមគោលដៅដែលបានគ្រោងទុក។
ស្នងការនគរបាលខេត្តកំពតបញ្ជាក់ថា ចំពោះការចុះបាញ់ល្បឿនក៏លោកនៅបន្តប្រាប់បងប្អូនប្រជាពលរដ្ឋមុនមួយថ្ងៃដដែល លោកសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយក្តីគោរពស្រលាញ់ចំពោះបងប្អូនជនរួមជាតិទាំងអស់ និងសូមធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាពខ្ពស់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
