នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីស្រាអែល នឹងមិនរងសម្ពាធក្នុងការទទួលយករដ្ឋប៉ាឡេស្ទីនទេ បន្ទាប់ពីរបាយការណ៍របសសារព័ត៌មាន Washington Postថា សម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរផែនការ ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីន។

លោកណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ( Joe Biden) ថា «អ៊ីស្រាអែលបដិសេធយ៉ាងដាច់អហង្ការនូវសេចក្តីសម្រេចអន្តរជាតិទាក់ទងនឹងការតាំងទីលំនៅអចិន្ត្រៃយ៍ជាមួយប៉ាឡេស្ទីន»។ «អ៊ីស្រាអែល នឹងបន្តប្រឆាំងនឹងការទទួលស្គាល់ជាឯកតោភាគី នៃរដ្ឋប៉ាឡេស្ទីន»។
លោកបានថ្លែងថា ភាពជារដ្ឋ នឹងក្លាយជា «រង្វាន់ដ៏ធំ» បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលដឹកនាំដោយក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ដែលបានបង្កឲ្យមានសង្រ្គាមចុងក្រោយបង្អស់នៅក្នុងតំបន់ហ្កាហ្សា។ លោក បានបន្ថែមថា ការរៀបចំបែបនេះ អាចឈានដល់ការចរចាដោយផ្ទាល់រវាងភាគីទាំងពីរប៉ុណ្ណោះ ទោះបីជាមិនមានការចរចាណាមួយត្រូវបានធ្វើឡើង ចាប់តាំងពីឆ្នាំ ២០១៤ក៏ដោយ។
សារព័ត៌មាន Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយប្រទេសអារ៉ាប់មួយចំនួន រួមទាំងអេហ្ស៊ីប ហ្ស៊កដានី អារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអ៊ូឌីត ដែលអ៊ីស្រាអែល បានស្វែងរកជាយូរមកហើយ ដើម្បីបង្កើតទំនាក់ទំនងការទូតលើផែនការក្រោយសង្គ្រាម សម្រាប់តំបន់ដែលនឹងរួមបញ្ចូលការកំណត់ពេលវេលាដ៏ច្បាស់លាស់សម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីន៕