នៅពេលដែលអ៊ីស្រាអែលរៀបចំការវាយលុកនៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង ប្រទេសអេហ្ស៊ីប កំពុងបង្កើតតំបន់ទ្រនាប់នៅជិតព្រំដែនរបស់ខ្លួនជាមួយទឹកដីនេះ ដើម្បីទទួលប្រជាជនប៉ាឡេស្ទីន រហូតដល់ ១០ម៉ឺននាក់។
សារព័ត៌មាន dpa បានទទួលព័ត៌មានពីប្រភពសន្តិសុខអេហ្ស៊ីបកាលពីថ្ងៃព្រហស្បតិ៍ថា ជញ្ជាំងមួយនឹងត្រូវបានសាងសង់ជុំវិញតំបន់នេះ ដើម្បីរក្សាការត្រួតពិនិត្យលើជនភៀសខ្លួនប៉ាឡេស្ទីន ប្រសិនបើចាំបាច់។

ការងារនេះ បានចាប់ផ្តើមប្រហែលពីរខែមុន ដើម្បីទទួលជនភៀសខ្លួននៅក្នុងអគារ និងតង់ នេះបើយោងតាមព័ត៌មានដែលមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការ។
ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមក្នុងខែតុលា ក្តីបារម្ភរបស់អេហ្ស៊ីប បានកើនឡើងថា ប្រជាជនប៉ាឡេស្ទីន អាចហូរកាត់ព្រំដែន ដើម្បីភៀសខ្លួនពីការប្រយុទ្ធ ដែលជាសេណារីយោមួយដែលត្រូវបានពិពណ៌នាដោយប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតាអាល់ស៊ីស៊ី ( Abdel-Fattah al-Sissi) ថាជា «ខ្សែបន្ទាត់ក្រហម»។
មូលនិធិស៊ីណៃដើម្បីសិទ្ធិមនុស្ស (Sinai Foundation for Human Rights) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ក៏បានរាយការណ៍ពីការសាងសង់តំបន់ទ្រនាប់នេះ នៅជិតព្រំដែន។

