ប្រទេសអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេលវែងជាមួយអ៊ុយក្រែន និងបានសន្យាបន្ថែមអាវុធ ដែលមានតម្លៃប្រហែល ១,១ពាន់លានអឺរ៉ូ (១,២ពាន់លានដុល្លារ) សម្រាប់ការការពាររបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។

លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz) បាននិយាយកាលពីថ្ងៃសុក្រ បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky) នៅទីក្រុងប៊ែរឡាំថា កញ្ចប់សព្វាវុធរួមមាន កាំភ្លើងធំ ៣៦ ដើម គ្រាប់កាំភ្លើងធំ ១២០.០០០ គ្រាប់ ប្រព័ន្ធការពារដែនអាកាសបន្ថែម២ និងគ្រាប់រ៉ុក្កែត Iris-Tជាច្រើនគ្រាប់ទៀត។
ជំនួយនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការគាំទ្រពីក្រុងប៊ែរឡាំង ខណៈក្រុងគីវ ត្រៀមខ្លួនសម្រាប់ឆ្នាំទីបីនៃសង្រ្គាមជាមួយរុស្ស៊ី។
លោក សូល បាននិយាយអំពីជំហាន «ប្រវត្តិសាស្ត្រ» ។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ អាល្លឺម៉ង់ធានាអ៊ុយក្រែនថា នឹងត្រូវបានគាំទ្រឲ្យបានយូរតាមការចាំបាច់។ លោកបានអះអាងថា៖«រឿងសំខាន់ គឺ៖ (ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ) ពូទីន មិនបានសម្រេចគោលដៅណាមួយរបស់ខ្លួទេ»។
លោកបានបន្ថែមថា ម្យ៉ាងវិញទៀត កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន អាចរំដោះបានជាងពាក់កណ្តាលនៃតំបន់ដែលកាន់កាប់ដោយទាហានរុស្ស៊ី។
លោកសូល បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងអាល្លឺម៉ង់ និងអ៊ុយក្រែនបាន «ឈានដល់គុណភាពថ្មីទាំងស្រុង» ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។
