តុលាការកំពូលរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានច្រានចោលសំណើរបស់អាហ្រ្វិកខាងត្បូងក្នុងការដាក់សម្ពាធផ្លូវច្បាប់បន្ថែមទៀតលើអ៊ីស្រាអែល ដើម្បីបញ្ឈប់ការវាយលុកដែលគំរាមកំហែងប្រឆាំងនឹងទីក្រុងរ៉ាហ្វា (Rafah)នៃតំបន់ហ្កាហ្សា ដោយនិយាយថា ខ្លួន«មានកាតព្វកិច្ចគោរពតាមវិធានការដែលមានស្រាប់»។

ទីក្រុងព្រីធឺរៀ ( Pretoria) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ៊ីស្រាអែលរួចហើយ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដោយចោទប្រកាន់ថា ការវាយប្រហាររបស់ខ្លួនលើតំបន់ហ្កាហ្សា គឺជាការរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍។
តុលាការនេះ មិនទាន់សម្រេចលើបញ្ហាមូលដ្ឋាននៅឡើយទេ ប៉ុន្តែកាលពីថ្ងៃទី២៦ ខែមករា ខ្លួនបានបញ្ជាឲ្យអ៊ីស្រាអែលធានាថា ខ្លួនបានចាត់វិធានការ ដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីនពីគ្រោះថ្នាក់បន្ថែមទៀត និងអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌។
មន្ត្រីអាហ្រ្វិកខាងត្បូងកាលពីថ្ងៃអង្គារ បានដាក់សំណើបន្ថែមមួយទៅកាន់តុលាការ ដោយសុំឲ្យចេញ វិធានការថ្មីកទាក់ទងនឹងការរៀបចំប្រតិបត្តិការថ្មីរបស់អ៊ីស្រាអែលប្រឆាំងនឹងទីក្រុងរ៉ាហ្វា។
ជាងពាក់កណ្តាលនៃចំនួនប្រជាជន២,៤ លាននាក់នៅតំបន់ហ្កាហ្សា បានស្វែងរកទីជម្រកនៅទីនោះពីការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប។
