ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា បានរម្លឹកពីប្រវត្តិនៃទំនាក់ទំនងការទូតរវាងស៊ុយអែត និងកម្ពុជាតាំងពីដើមរៀងមក ជាពិសេសតាំងពីក្រោយថ្ងៃរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ការរម្លឹកឡើងវិញរបស់ប្រមុខការទូតកម្ពុជា បែបនេះបានធ្វើឡើងនាថ្ងៃទី០៥ខែកក្កដា ម្សិលមិញនេះនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យឯកឧត្តម ថ្រាន់ ហេគម៉ាក (Bjorn Haggmark) ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះ ឯកឧត្តម ឯកអគ្គរាជទូត ដែលបានបំពេញ បេសកកម្មការទូតនៅកម្ពុជាបានល្អ និងបានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ឯកឧត្តមក្នុង ការលើកកម្ពស់ និងពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីប្រវត្តិទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដែលប្រទេសស៊ុយអែត បានផ្តល់មកកម្ពុជា ជាពិសេស គឺការអនុញ្ញាតឲ្យកម្ពុជាបើកការិយាល័យតំណាងនៅស៊ុយអែតក្រោយពីកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលស៊ុយអែត ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍ អន្តរជាតិរបស់ស៊ុយអែត ក្នុងវិស័យកសិកម្មអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈការងារ បរិស្ថាន និងបម្រែបម្រួល អាកាសធាតុ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកំណែទម្រង់ថ្នាក់ក្រោមជាតិនៅកម្ពុជា ព្រមទាំង ការផ្ដល់ជំនួយនាំមុខគេតាំងពីឆ្នាំ២០០៦ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ផងដែរ។
ជាការឆ្លើយតបឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា ស៊ុយអែតក៏នឹងបន្តជួយសាលាក្ដីខ្មែរ ក្រហមរហូតដល់សាលាក្ដីនេះបានបញ្ចប់ភារកិច្ចសព្វគ្រប់។ ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអំណរគុណ ជាពិសេសជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលទទួលសវនាការជម្រាបលារបស់ឯកឧត្តមនៅក្នុង ពេលវេលានេះ និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានជួយគាំទ្រ និងរួមចំណែកធ្វើឱ្យបេសកកម្មការទូតរបស់ ឯកឧត្តមនៅកម្ពុជា ទទួលបានជោគជ័យ ។
ឯកឧត្តមឯកអគ្គរាជទូត ក៏បានឯកភាពថា ប្រទេសកម្ពុជា និងស៊ុយអែតពិតជាមានទំនាក់ទំនងពិសេសយូរអង្វែងចាប់ពីស្ថានភាពលំបាករហូតដល់បច្ចុប្បន្ន។ ដោយឡែក ស៊ុយអែតបាន ស្នើសុំជាផ្លូវការបើកស្ថានកុងស៊ុលកិត្តិយសនៅភ្នំពេញ។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អលើគ្រប់ វិស័យ ទោះបីជារដ្ឋាភិបាលស៊ុយអែត បានសម្រេចបិទស្ថានឯកអគ្គរាជទូតនៅទីក្រុងភ្នំពេញ ដែលបណ្តាល មកពីការធ្វើកំណែទម្រង់ និងសម្ពាធផ្នែកថវិការបស់ស៊ុយអែតយ៉ាងណាក៏ដោយ ក៏ស៊ុយអែត នៅតែបន្តកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតស៊ុយអែតដែលមាននិវេសនដ្ឋាននៅ ទីក្រុងបាងកក និងការិយាល័យតំណាងនៅភ្នំពេញ ដែលមានបុគ្គលិកមកពីទីភ្នាក់ងារសម្រាប់កិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ស៊ុយអែត (Swedish International Development Cooperation Agency -SIDA) នៅភ្នំពេញ និងតាមរយ:កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ចំពោះមុខ សម្រាប់ឆ្នាំ ២០២២ ២០២៦ ដែលយកចិត្តទុកដាក់នឹងការលើកកម្ពស់សិទ្ធិមនុស្ស និង ស្ថាប័នប្រជាធិបតេយ្យអនុលោមតាម រដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ព្រមជាមួយនេះ ភាគីទាំងពីរចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីជម្នះជំងឺរាតត្បាតកូវីដ-១៩ ទន្ទឹមនឹងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាក់ថ្នាំបង្ការជូនប្រជាពលរដ្ឋបាន ៤៥% គិតត្រឹមថ្ងៃ ទី៤ ខែកក្កដា កន្លងទៅនេះ។
តួអង្គសំខាន់ក្នុងការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ដែលអំណោយផលដល់កម្ពុជា គឺក្រុមហ៊ុន កាត់ដេរ H&M ដែលមានបំណងបន្តវត្តមាននៅកម្ពុជា ហើយយកចិត្តទុកដាក់នឹងការអភិវឌ្ឍប្រកបដោយ ចេរភាព ក្នុងនោះ គឺការយកចិត្តទុកដាក់នឹងការប្រែប្រួលអាកាសធាតុ ដោយគោរពការពារបរិស្ថាន បើ ប្រាស់ថាមពលដែលកកើតឡើងវិញបាន លក្ខខ័ណ្ឌការងារ ការបណ្ដុះបណ្ដាលពលករ និងការគោរពយេនឌ័រ។
ក្រៅពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរក៏បានពិភាក្សាប្តូរយោបល់គ្នាផងដែរលើប្រធានបទផ្សេងៗ ដូចជាបញ្ហាតំបន់ រួមមានបញ្ហាអាស៊ាន ដូចជាការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការធ្វើប្រធានអាស៊ាន បញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងឥណ្ឌូប៉ាស៊ីហ្វិក។ ដោយឡែកលើបញ្ហាសកល ភាគីទាំងពីរមាន ជំហរដូចគ្នាលើការពង្រឹងពហុនិយម និងការគោរពគោលការណ៍ និងច្បាប់អន្តរជាតិ។
នាចុងបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជូនពរឯកឧត្តម ថ្រាន់ ហេគម៉ាក ទទួលបានជោគជ័យជាបន្តទៀតនៅក្នុងភារកិច្ចថ្មីនាពេលខាងមុខរបស់ឯកឧត្តម ៕
អត្ថបទ មុត សុទ្ធ


