បូលីវី៖ ក្រុមអ្នកស្រុក ត្រូវបានគេមើលឃើញព្យាយាមជញ្ជូនទ្រព្យសម្បត្តិរបស់ពួកគេ និងវាយតម្លៃការខូចខាត ក្រោយបំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងលិចប្រទេសបូលីវី សម្លាប់មនុស្ស ៣នាក់ និងកប់ពន្លិចផ្ទះសម្បែងប្រជាពលរដ្ឋ ១០ខ្នង ។
យោងតាមការអះអាងរបស់ក្រុមសាក្សី និយាយថា គ្រោះមហន្តរាយធម្មជាតិនេះ បានកើតមានកាលពីយប់ថ្ងៃសុក្រ ហើយបង្ខំឲ្យអ្នកស្រុករត់ចេញពីផ្ទះ ដើម្បីសង្រ្គោះអាយុជីវិតរបស់ពួកគេ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ស្រ្តីម្នាក់ និងអនីតិជន ២នាក់ បានស្លាប់ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ ។
ដោយឡែក មនុស្សប្រហែល ៦០គ្រួសារបច្ចុប្បន្នគ្មានផ្ទះសម្បែងរស់នៅនោះទេ ។
អង្គភាពសេវាឧតុនិយមជាតិប្រទេសបូលីវី បានដាក់ទីក្រុង La Paz លើការព្រមានពណ៌លឿងទុំ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនៅសប្តាហ៍នេះ បានឈានដល់កម្រិតខ្ពស់បំផុតរយៈពេល ២០ឆ្នាំមកនេះ នៅក្នុងទីក្រុង La Paz ក្នុងកម្ពស់រហូតដល់ ៨៥មីលីម៉ែត្រ ៕
