ថៃ ៖ អតីតនាយករដ្ឋមន្រ្តីថៃលោក Thaksin Shinawatra បានចាកចេញពីមន្ទីរពេទ្យជាកន្លែងដែលលោកចំណាយពេល ៦ខែស្ថិតក្រោមការឃុំឃាំង បន្ទាប់ពីការវិលត្រឡប់របស់លោកមកកាន់រាជាណាចក្រថៃវិញ ក្រោយនិរទេសខ្លួនឯងអស់រយៈពេល ១៥ឆ្នាំ ។
លោក Thaksin ត្រូវបានគេមើលឃើញក្នុងរថយន្តនៅព្រឹកថ្ងៃអាទិត្យនេះ ពេលលោកចាកចេញពីមន្ទីរពេទ្យអគ្គស្នងការនគរបាល ស្ថិតនៅកណ្តាលទីក្រុងបាងកក ។
លោក Thaksin ត្រូវបាននាំទៅកាន់ផ្ទះរបស់លោក ស្ថិតនៅភាគខាងលិចទីក្រុងបាងកក ជាទីដែលបដាមានពាក្យ “ស្វាគមន៍ការវិលត្រឡប់មកផ្ទះវិញ” និងពាក្យ “ពួកយើងរង់ចាំថ្ងៃនេះជាយូរមកហើយ” ត្រូវបានព្យួរនៅច្រកទ្វារខាងមុខ ។
នាយករដ្ឋមន្រ្តីថៃលោក Srettha Thavisin និយាយនៅដើមសប្តាហ៍នេះថា លោក Thaksin ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ដែលត្រូវបានសម្រាលទោសមកត្រឹមមួយឆ្នាំ ដោយព្រះមហាក្សត្រ Maha Vajiralongkorn បន្ទាប់ពីការវិលត្រឡប់មកវិញរបស់លោក ហើយបានជាប់ពន្ធនាគាររយៈពេល៦ខែនោះ នឹងត្រូវដោះលែងដោយសារការលើកលែងទោស ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អតីតមន្ត្រីនគរបាល និងជាមហាសេដ្ឋីទូរគមនាគមន៍ ដែលបានស្ថិតនៅចំកណ្តាលនៃភាពចម្រូចម្រាសរយៈពេល ២ទសវត្សរ៍ ដើម្បីអំណាចនៅក្នុងប្រទេសថៃលោក Thaksin ស្ថិតក្នុងបញ្ជីអ្នកទោសចំនួន ៩៣០នាក់ ដែលត្រូវបានចាត់ទុកថាជាមនុស្សចាស់ ឬឈឺ ហើយត្រូវបានអនុម័តឲ្យដោះលែងមុនកាលកំណត់ ៕

