អ៊ុយក្រែន ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានហៅការដណ្តើមយកទីក្រុង អាវឌីអ៊ីវកា (Avdiivka) ថាជា «ជ័យជំនះដ៏សំខាន់» បន្ទាប់ពីប្រមុខយោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់ខ្លួនបានដកខ្លួនចេញពីទីក្រុងដែលរងការបំផ្លិចបំផ្លាញនៅភាគខាងកើតនៃប្រទេសមួយនេះ បន្ទាប់ពីមានការប្រយុទ្ធយ៉ាងខ្លាំងក្លាជាច្រើនខែ។
ទោះបីជាក្រសួងការពារជាតិរុស្សីបាននិយាយថា អង្គភាពអ៊ុយក្រែនខ្លះនៅតែបន្តលាក់ខ្លួននៅទីតាំងមួយចំនួនក្នុងទីក្រុងនេះក៏ដោយ ក៏ការវាយរុលទៅមុខនៅលើក្រុង អាវឌីអ៊ីវកា នេះគឺជាការរីកចំរើនដ៏ធំបំផុតរបស់ទីក្រុងមូស្គូ ចាប់តាំងពីបានដណ្តើមយកទីក្រុង បាក់ម៉ុត (Bakhmut) កាលពីខែឧសភា មក។
ជ័យជម្នះរបស់រុស្ស៊ីមួយនេះបានកើតឡើងប៉ុន្មានថ្ងៃមុនខួបលើកទី២ នៃការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន និងស្របពេលមានការខ្វះខាតគ្រាប់រំសេវយ៉ាងធ្ងន់ធ្ងររបស់អ៊ុយក្រែន ជាមួយនឹងជំនួយយោធាថ្មីៗរបស់អាមេរិក ដែលត្រូវបានពន្យារពេលជាច្រើនខែនៅក្នុងសភា។
នេះក៏ជាសញ្ញាច្បាស់លាស់បំផុតផងដែរ អំពីទំនោរជ័យជម្នះនៃសង្រ្គាម បានងាកទៅខាងទីក្រុងមូស្គូ បន្ទាប់ពីការវាយលុករបស់អ៊ុយក្រែន បានបរាជ័យមិនអាចទម្លុះខ្សែសមរភូមិមុខរបស់រុស្ស៊ី ជាច្រើនកាលពីឆ្នាំមុនមក៕

