ចិន ៖ កងឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន បាននិយាយនៅថ្ងៃអាទិត្យ (១៨ កុម្ភៈ) នេះថាខ្លួននឹងពង្រឹងសកម្មភាពអនុវត្តច្បាប់របស់ខ្លួន និងបញ្ជូននាវាល្បាតបន្ថែម ព្រមទាំងអនុវត្តការល្បាតជាប្រចាំជុំវិញប្រជុំកោះតូចៗដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ នៅឆ្នេរសមុទ្រចិន ខណៈដែលភាពតានតឹងកើនឡើងខ្លាំងជុំវិញការស្លាប់របស់ជនជាតិចិនពីរនាក់។
កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ បានការពារសកម្មភាពរបស់ឆ្មាំល្បាតឆ្នេររបស់ខ្លួន បន្ទាប់ពីមនុស្សពីរនាក់នៅលើទូកល្បឿនលឿនរបស់ចិន ដែលចូលទៅជិតកោះតៃវ៉ាន់ខ្លាំងពេក បានស្លាប់នៅពេលដែលទូករបស់ពួកគេក្រឡាប់ ខណៈព្យាយាមរត់ចេញពីនាវាឆ្មាំល្បាតឆ្នេរសមុទ្រ ចំណែកមនុស្សពីរនាក់ទៀតបានរួចជីវិត។
កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីទូកនេសាទរបស់ចិន និងនាវាផ្សេងទៀតដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ ជាពិសេសនៅជុំវិញកោះ គីនមិន (Kinmen) និងកោះ ម៉ាត់ស៊ូ (Matsu) ដែលស្ថិតនៅចម្ងាយខ្លីពីឆ្នេរសមុទ្ររបស់ប្រទេសចិន។
ប្រទេសចិន បានថ្កោលទោសចំពោះសកម្មភាពរបស់កោះតៃវ៉ាន់ និងបានហៅឧប្បត្តិហេតុនៅជិតកូនកោះ ប៉ីទីង (Beiding) របស់កោះ គីនមិន ថាជាឧបាយកល «ដ៏អាក្រក់»។ កាលពីល្ងាចថ្ងៃសៅរ៍ ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថា ការស្លាប់នេះបានបង្កឱ្យមាន «ការខឹងសម្បារយ៉ាងខ្លាំង» នៅក្នុងប្រទេសចិន ប៉ុន្តែមិនបានកំណត់ដែនទឹកហាមឃាត់នៅឆ្នេរសមុទ្រចិនឡើយ៕

