បាល់ទាត់៖ ក្លិប Everton ត្រូវចាយលុយយ៉ាងហោចណាស់ ២១លានអឺរ៉ុបបើចង់បានកីឡាករប្រេស៊ីល Philippe Coutinho ពី Barcelona នៅរដូវក្តៅខាងមុខ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកីឡាអេស្ប៉ាញ Mundo Deportivo។

អ្នកចាត់ការថ្មីរបស់ Everton លោក Rafael Benitez បានស្នើទៅថ្នាក់ដើម្បីបើកខ្ទង់ចំណាយនាំយកអតីតកីឡាករ Liverpool រូបនេះមកកាន់ Goodison Park។ លោក Benitez មានការងារជាច្រើនដែលត្រូវធ្វើក្នុងការត្រួសត្រាយផ្លូវ ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅទីក្រុង Merseyside មួយនេះស្វែងរកពាន ដែលក្នុងនោះគោលដៅគឺបំពេញចំនុចខ្វះខាតគឺតំបន់បំរើប្រយុទ្ធ។ បញ្ហាសំខាន់នោះគឺ Everton ហ៊ានចំណាយលុយកំរិតនេះ រឺក៏អត់លើកីឡាករដែលឈានដល់វ័យ ២៩ឆ្នាំបែបនេះ។
រំលឹកថា Philippe Coutinho មានអាជីពជោគជ័យជាមួយ Liverpool ដោយរកបាន ២៥គ្រាប់ ១៥បាល់បញ្ជូនក្នុងការបង្ហាញខ្លួន ៥០ប្រកួតរយៈពេល ១៨ខែនៅ Anfield មុនពេលផ្លាស់ទៅកាន់ Barcelona រកបាន ១៩គ្រាប់ ១២បាល់បញ្ជូនក្នុងការបង្ហាញខ្លួន ៧៨ប្រកួតនៅ Camp Nou។ ក្រោយមក Coutinho ក៏បានចំណាយពេលពេញមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីជាមួយ Bayern Munich រកបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួន ២៣លើកឈ្នះពាន UEFA Champions League និង Bundesliga ក្នុងរដូវកាលតែមួយ៕
អត្ថបទ៖នាង សុភាវុធ