កំពត៖ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំដំឡើងស្លាកសញ្ញាកំណត់ល្បឿន នៅតាមគោលដៅដែលបានកំណត់តាមបណ្ដោយផ្លូវជាតិលេខ៣ ហើយក្រោយពេលដំឡើងរួចរាល់បើពលរដ្ឋឃើញមានមន្រ្ដីនគរបាលរូបណាបាញ់ល្បឿនខុសគោលដៅដែលបានកំណត់នេះសូមថតឱ្យបាន ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
យោងតាមហ្វេសប៊ុកបរស់ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានរៀបចំដំឡើងស្លាកសញ្ញាកំណត់ល្បឿន ដោយបានយកទៅចាប់នៅតាមគោលដៅដែលបានកំណត់។
ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់ថា៖«នៅពេលតម្លើងរួចខ្ញុំ និងប្រាប់អំពីគោលដៅតាំងបីស្លាកដែលបានតម្លើងក្នុងភូមិសាស្ត្រនីមួយៗនៅពេលចុះបាញ់ល្បឿនប្រសិនបើមន្ត្រីចរាចរណ៍របស់ខ្ញុំណាម្នាក់លបលួចបាញ់ល្បឿនពីក្នុងឡានពីក្នុងកម្ពោតព្រៃខុសពីគោលការណ៍ណែនាំរបស់ខ្ញុំ សូមថតឱ្យបានខ្ញុំនិងអនុវត្តវិន័យកងកម្លាំងនគរបាលជាតិចំពោះបុគ្គលដែលប្រព្រឹត្តខុស»។
សូមជម្រាបថា ក្រោយមានសារសំណូមពរ ក៏ដូចជាការផ្តល់មតិជាច្រើនពីបងប្អូនប្រជាពលរដ្ឋទាំងអស់ពាក់ពន្ធ័ស្លាកសញ្ញាកំណត់ល្បឿនតូចមើលមិនឃើញ ស្នងការនគរបាលខេត្តកំពត បានធ្វើស្លាកសញ្ញាកំណត់ល្បឿនដែលមានទំហំ ១,៥០ ម៉ែត្រ គុណ ១,៥០ ម៉ែត្រចំនួន ៣ ផ្ទាំង ដើម្បីដំឡើងតាមគោលដៅចាប់ពីព្រំប្រទល់នរាយណ៏ស្រុកឈូក រហូតដល់ក្លោងទ្វារចូលក្រុងកំពតដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋមើលឃើញ។
ស្នងការខេត្តបញ្ជាក់ថា ចំពោះការចុះបាញ់ល្បឿន ក៏ស្នងការនគរបាលខេត្តនៅបន្តប្រាប់ពលរដ្ឋមុនមួយថ្ងៃដដែល ដូច្នេះស្នងការនគរបាលខេត្តសង្ឃឹមថា ពលរដ្ឋនឹងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ ដោយ ៖ ដារា



