ហ្កាហ្សា ៖ នាយករដ្ឋមន្ត្រីកាតា លោក សេក ម៉ូហាម៉េដ ប៊ីន អាឌុលរ៉ាម៉ាន អាល់ថានី (Sheikh Mohammed bin Abdulrahman Al Thani) បាននិយាយកាលពីថ្ងៃសៅរ៍ (១៧ កុម្ភៈ) ថាគំរូនៃការចរចាសម្រាប់ក្របខ័ណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រាប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា គឺ «មិនមានការវិវត្តន៍ខ្លាំងប៉ុន្មានទេ» ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
លោក សេក ម៉ូហាម៉េដ បាននិយាយនៅឯសន្និសិទសន្តិសុខទីក្រុង មូនីច ថា «នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ កិច្ចពិភាក្សាមិនសូវអំណោយផលទេ ប៉ុន្តែយើងនឹងនៅតែមានសុទិដ្ឋិនិយម ហើយនឹងនៅតែជំរុញជានិច្ចដើម្បីសម្រេចបានលទ្ធភាពកិច្ចព្រមព្រៀងមួយ»។
លោក សេក ម៉ូហាម៉េដ ដែលមានតំណែងជារដ្ឋមន្ត្រីការបរទេសផងដែរនោះ បាននិយាយថា លោកមិនអាចប្រាប់ព័ត៌មានលម្អិតនៃការចរចាបានទេ ប៉ុន្តែដូចទៅនឹងកិច្ចព្រមព្រៀងកន្លងមក ដែលមានធាតុពីរសំខាន់ៗគឺលក្ខខណ្ឌមនុស្សធម៌នៅហ្កាហ្សា និងចំនួនប្រជាជនប៉ាឡេស្ទីន ដែលនឹងត្រូវដោះលែងប្ដូរនឹងចំណាប់ថ្នូរក្រុមហាម៉ាស។
កិច្ចពិភាក្សា ដែលមានការចូលរួមពីមន្ត្រីមកពីកាតា អេហ្ស៊ីប អ៊ីស្រាអែល និងសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ មិនទាន់ទទួលបានកិច្ចព្រមព្រៀងសម្រាប់ការផ្អាកប្រយុទ្ធនៅក្នុងតំបន់ហ៊ុមព័ទ្ធ ដែលរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាមនេះទេ៕

