អុីស្រាអែល ៖ មន្ត្រីសុខាភិបាល និងយោធាបាននិយាយកាលពីថ្ងៃសៅរ៍ (១៧ កុម្ភៈ) ថាកងកម្លាំងអ៊ីស្រាអែល បានធ្វើការចាប់ខ្លួននៅក្នុងមន្ទីរពេទ្យ ដែលដំណើរការធំជាងគេនៅតំបន់ហ្កាហ្សា ខណៈដែលការវាយប្រហារតាមអាកាសបានធ្វើឡើងជុំវិញតំបន់នេះ។
កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់ចូលមន្ទីរពេទ្យ ណាសសឺ (Nasser) ក្នុងទីក្រុង ខាន់ យូនីស (Khan Younis) កាលពីថ្ងៃព្រហស្បតិ៍ ខណៈពួកគេបានដាក់សម្ពាធលើសង្រ្គាមប្រឆាំងក្រុមហាម៉ាស ដែលជាក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន គ្រប់គ្រងតំបន់ហ៊ុមព័ទ្ធនោះ។
អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក អាស្រាហ្វ អាល់គីដ្រា (Ashraf al-Qidra) បាននិយាយថា «កងកម្លាំងកាន់កាប់ បានឃាត់ខ្លួនបុគ្គលិកពេទ្យមួយចំនួនធំនៅខាងក្នុងបរិវេណមន្ទីរពេទ្យ ណាសសឺ ដែលអ៊ីស្រាអែល ប្រែក្លាយមណ្ឌលវេជ្ជសាស្រ្តនោះឲ្យទៅជាមូលដ្ឋានយោធា»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃសៅរ៍បានសន្យាថានឹងបន្តយុទ្ធនាការយោធា ហើយបាននិយាយថា កងទ័ពនឹងចល័តចូលទៅក្នុងទីក្រុងរ៉ាហ្វា ព្រំដែនភាគខាងត្បូង។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធនៅមន្ទីរពេទ្យ ណាសសឺ ហើយរហូតមកដល់ពេលនេះបានចាប់ខ្លួនជនសង្ស័យចំនួន ១០០ នាក់នៅក្នុងបរិវេណនោះ ហើយបានសម្លាប់ខ្មាន់កាំភ្លើងនៅជិតមន្ទីរពេទ្យ និងបានរកឃើញអាវុធនៅក្នុងនោះជាច្រើន៕

