ចិន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍នៅថ្ងៃអាទិត្យ (១៨ កុម្ភៈ) នេះថាព្រិលធ្លាក់ខ្លាំងបានបោកបក់លើតំបន់ស្វយ័ត ស៊ីនជាំង-អ៊ុយហ្គ័រ (Xinjiang Uyghur) ភាគពាយ័ព្យប្រទេសចិន នៅចុងសប្តាហ៍នេះ ដោយបង្ខំឱ្យអាជ្ញាធរបិទផ្លូវហាយវេធំៗជាបណ្តោះអាសន្ន ខណៈអ្នកធ្វើដំណើររាប់លាននាក់ត្រឡប់ពីដំណើរកម្សាន្តបុណ្យចូលឆ្នាំថ្មីវិញ។
ព្យុះព្រិលដែលនាំមកដោយភាពចុះត្រជាក់ខ្លាំងភ្លាមៗ បានបោកបក់ពាសពេញផ្នែកជាច្រើននៃប្រទេសចិន បានរំខានដល់ផ្លូវហាយវេ ខណៈដែលមនុស្សត្រឡប់ពីការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
ប្រព័ន្ធផ្សព្វផ្សាយ CCTV បាននិយាយថា យ៉ាងហោចណាស់ផ្លូវហាយវេចំនួន ៤៣ ខ្សែនៅក្នុងតំបន់ស្វយ័ត ស៊ីនជាំង-អ៊ុយហ្គ័រ ត្រូវបានបិទដោយសារតែព្រិលធ្លាក់ខ្លាំងពេក។
រូបភាពពីប្រព័ន្ធផ្សព្វផ្សាយ CCTV បានបង្ហាញ នគរបាលចរាចរណ៍បានជម្លៀសអ្នកដំណើរដែលជាប់គាំង និងបានណែនាំយានយន្តទៅកាន់សុវត្ថិភាពនៅលើផ្លូវហាយវេ ដែលគ្របដណ្តប់ដោយព្រិល។
ក្រុមសង្កេតការណ៍ជាតិបាននិយាយនៅមុននោះបន្តិចថា ខ្យល់ត្រជាក់ត្រូវបានគេព្យាករណ៍ថានឹងបោកបក់ពាសពេញផ្នែកជាច្រើននៃប្រទេសចិន ចាប់ពីចុងសប្តាហ៍នេះ ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះ ២០ អង្សាសេ៕

