អាមេរិក ៖ លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃសៅរ៍ (១៧ កុម្ភៈ) បានរិះគន់ចៅក្រមទីក្រុងញូវយ៉ក ដែលសម្រេចថាលោកត្រូវតែបង់ប្រាក់ពិន័យចំនួន ៣៥៤,៩ លានដុល្លារ សម្រាប់ការក្លែងបន្លំបំប៉ោងតម្លៃទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីបោកបញ្ឆោតម្ចាស់បំណុលដើម្បីទទួលបានកម្ចីហិរញ្ញវត្ថុកាន់តែច្រើន ដោយប្រាប់អ្នកគាំទ្ររាប់ពាន់នាក់នៅឯការជួបជុំយុទ្ធនាការមួយថាការសម្រេចនេះគឺជា «ការជ្រៀតជ្រែកការបោះឆ្នោត»។
ថ្លែងទៅកាន់អ្នកគាំទ្រជាលើកដំបូងចាប់តាំងពីលោកចៅក្រម អាសឺ អេនហ្គូរ៉ន (Arthur Engoron) កាលពីថ្ងៃសុក្រ បានវាយប្រហារលោកដោយការពិន័យផ្នែកហិរញ្ញវត្ថុដ៏ធំនោះ លោក ត្រាំ បានធ្វើការអះអាងដោយគ្មានហេតុផលថា លោកចៅក្រម អាសឺ គឺជាផ្នែកមួយនៃការឃុបឃិតរបស់ក្រុម «ស្លាបឆ្វេង» ក្នុងគោលបំណងបញ្ឈប់លោកពីការក្លាយជាប្រធានាធិបតីម្តងទៀត។
អតីតប្រធានាធិបតីបក្សសាធារណរដ្ឋ ដែលជាអ្នកនាំមុខសម្រាប់ការតែងតាំងតំណែងសេតវិមានរបស់គណបក្សខ្លួនរូបនេះ បានប្រាប់ហ្វូងមនុស្សក្នុងរដ្ឋ មីឈីហ្កាន់ (Michigan) ថា «ការបំពានអំណាចដ៏គួរឱ្យស្អប់ខ្ពើមទាំងនេះ មិនមែនគ្រាន់តែជាការវាយប្រហារមកលើខ្លួនប៉ុណ្ណោះទេ នោះគឺជាការវាយប្រហារលើជនជាតិអាមេរិកទាំងអស់»។
លោក ត្រាំ ប្រឈមមុខនឹងការកាត់ក្តីឧក្រិដ្ឋកម្មរដ្ឋ និងសហព័ន្ធចំនួនបួនករណីផ្សេងទៀត រួមទាំងការកាត់ទោសមួយ ដែលគ្រោងនឹងចាប់ផ្តើមនៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៥ ខែមីនា ខាងមុខ ជុំវិញការចោទប្រកាន់ថាបានបង់ប្រាក់ឱ្យតារាអាសអាភាស។ នោះមានន័យថា លោក ត្រាំ នឹងក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលទទួលការកាត់ទោសលើបទចោទប្រកាន់ព្រហ្មទណ្ឌ៕

