ហ្កាហ្សា ៖ ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សា បានកើនឡើងលើសពី ២៨.៨០០ នាក់។
ក្រសួងនេះបាននិយាយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨៣ នាក់ និងបង្ករបួស ១២៥ នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៨.៨៥៨ នាក់ និងអ្នករបួសឡើងដល់ ៦៨.៦៧៧ នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។
យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើទីក្រុងហ្កាហ្សា នៅភាគខាងជើង និងទីក្រុងរ៉ាហ្វា (Rafah) នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្រ្ទីប ចាប់ពីយប់ថ្ងៃសុក្រ ដល់ព្រឹកថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សរាប់សិបនាក់។
ទូរទស្សន៍រដ្ឋប៉ាឡេស្ទីនបានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល ក៏បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងទៅលើជំរំជនភៀសខ្លួន នូសៃរ៉ាត់ (Nuseirat) ទីក្រុង ដឺ អាល់បាឡា (Deir al-Balah) និងកន្លែងផ្សេងទៀតនៅភាគកណ្តាលតំបន់ហ្កាហ្សាស្រ្ទីប កាលពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤០ នាក់ស្លាប់ និងរាប់សិបនាក់រងរបួស៕

