បាល់ទាត់៖ ខ្សែបម្រើបារាំង Matteo Guendouzi បានបញ្ជាក់ពីការចាកចេញពីក្រុមកាំភ្លើងធំ Arsenal ហើយក្រោយចំណាយពេល ៣ឆ្នាំនៅកីឡដ្ឋាន Emirate។ Matteo Guendouzi នៅពេលនេះបានទៅដល់ទឹកដី Marseille ហើយដើម្បីចុះកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាលនៅក្របខណ្ឌ Ligue 1 បារាំង អមជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ផងដែរ។

មកដល់ Arsenal នៅឆ្នាំ២០១៨ ពីក្លិបបារាំង Lorient កីឡាករវ័យ ២២ឆ្នាំរូបនេះបង្ហាញខ្លួនឱ្យ Arsenal សរុប ៨២ប្រកួតគ្រប់ក្របខណ្ឌទាំងអស់ និងទទួលបានការទុកចិត្តខ្លាំងនៅពេល Arsenal ក្រោមការដឹកនាំរបស់លោក Unai Emeri។ តែតាំងពីការមកដល់របស់អ្នកចាត់ការ Mikel Arteta កីឡាករអាល្លឺម៉ង់រូបនេះមិនស្ថិតក្នុងគំរោងគោល របស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះឡើយ ពោលគឺការបង្ហាញខ្លួនមានកំរិត និងបានចំណេញពេញមួយរដូវកាលជាកីឡាករខ្ចីជើងនៅក្លិបអាល្លឺម៉ង់ Hertha Berlin រដូវកាលមុន៕
អត្ថបទ៖នាង សុភាវុធ