ហ្វូងមនុស្សយ៉ាងច្រើនកុះករ បានចេញតវ៉ាពាសពេញទីលានចតុរង្គនៃទីក្រុង ម៉ិកស៊ិកូ ស៊ីធី កាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) ដើម្បីការពារលិទ្ធិប្រជាធិបតេយ្យ និងគាំទ្រដល់អាជ្ញាធរបោះឆ្នោតរបស់ប្រទេស ដោយចោទប្រកាន់ប្រធានាធិបតីម៉ិកស៊ិក លោក អានដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) ពីការព្យាយាមធ្វើឱ្យស្ថាប័នមួយនេះចុះខ្សោយមុនការបោះឆ្នោតប្រធានាធិបតីក្នុងខែមិថុនា។

នៅប៉ុន្មានឆ្នាំថ្មីៗនេះ ការតវ៉ាជាច្រើន ដែលមួយក្នុងចំណោមនោះធ្វើឡើងដើម្បី «ការពារ» វិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE) កើតឡើងបន្ទាប់ពីលោក ឡូប៉េស អូប្រាដ័រ បានបញ្ជូនសេចក្ដីស្នើច្បាប់ដ៏ធំនៃកំណែទម្រង់រដ្ឋធម្មនុញ្ញទៅសភា ដែលនឹងរួមបញ្ចូលការកែប្រែប្រព័ន្ធស្ថាប័នជាតិរៀបចំការបោះឆ្នោត INE ។

អ្នករៀបចំការតវ៉ាបាននិយាយថា មនុស្ស ៧០០.០០០ នាក់បានចូលរួមក្នុងការប្រមូលផ្ដុំនេះ ដែលបានក្លាយជាការតវ៉ាដ៏ធំបំផុតមួយប្រឆាំងនឹងលោកប្រធានាធិបតី ឡូប៉េស អូប្រាដ័រ នៅពេលដែលរដ្ឋបាលរបស់លោកជិតត្រូវបញ្ចប់។ រដ្ឋាភិបាលទីក្រុង ម៉ិកស៊ិកូស៊ីធី ដែលត្រូវបានគ្រប់គ្រងដោយគណបក្ស ម៉ូរ៉េណា (MORENA) របស់លោក ឡូប៉េស អូប្រាដ័រ បាននិយាយថា មានមនុស្សត្រឹមតែ ៩០.០០០ នាក់ប៉ុណ្ណោះបានចូលរួម៕