សមាជិកខុទ្ទកាល័យសង្រ្គាមអ៊ីស្រាអែលលោកបេននីហ្កានស៍(Benny Gantz)បានព្រមានថា បើ ក្រុមហាម៉ាស មិនដោះលែងចំណាប់ខ្មាំងទាំងអស់ដែលឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា នៅត្រឹមថ្ងៃទី ១០ ខែមីនា ទេនោះ ការវាយលុកនឹងត្រូវចាប់ផ្តើមនៅទីក្រុងរ៉ាហ្វា(Rafah)។

នេះជាលើកទីមួយ ដែលអ៊ីស្រាអែលបាននិយាយបែបនេះ នៅពេលកងទ័ពរបស់ខ្លួនអាចចូលទៅក្នុងទីក្រុងភាគខាងត្បូងមួយនេះរបស់តំបន់ហ្កាហ្សា ដែលមានមនុស្សដ៏ច្រើនលើសលប់កំពុងសរស់នៅ។

ការប្រឆាំងជាសកលកំពុងកើនឡើងចំពោះការវាយប្រហារបែបនេះនៅទីក្រុងរ៉ាហ្វា ជាទីដែលប្រជាជនប៉ាឡេស្ទីនប្រហែល ១,៥ លាននាក់កំពុងជ្រកកោន។
ថ្មីៗនេះ ទីភ្នាក់ងារសុខភាពសាធារណៈរបស់អង្គការសហប្រជាជាតិបាននិយាយថា មន្ទីរពេទ្យដ៏សំខាន់មួយនៅហ្កាហ្សាបានឈប់ដំណើរការបន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែល។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនមិនត្រូវបានអនុញ្ញាតឱ្យចូលមន្ទីរពេទ្យ ណាស័រ (Nasser) នៅទីក្រុងខាន់យូនីស (Khan Yunis) ភាគខាងជើងក្រុង រ៉ាហ្វា ដើម្បីវាយតម្លៃស្ថានភាពនោះទេ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចូលទៅក្នុងអគារនោះកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ចារកម្មបង្ហាញថា ចំណាប់ខ្មាំងត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស នៅទីនោះ។
ថ្លែងកាលពីថ្ងៃអាទិត្យ លោក Gantz អតីតរដ្ឋមន្ត្រីការពារជាតិ បាននិយាយថា ពិភពលោកត្រូវតែដឹង ហើយមេដឹកនាំក្រុមហាម៉ាស ត្រូវតែដឹង ប្រសិនបើដល់ថ្ងៃពិធីបុណ្យរ៉ាម៉ាដាន់៩Ramadan)ហើយក្រុមចំណាប់ខ្មាំងរបស់យើងនៅតែមិនទាន់មកដល់ផ្ទះទៀត នោះការប្រយុទ្ធនឹងបន្តនៅគ្រប់ទីកន្លែង រួមទាំងនៅតំបន់រ៉ាហ្វាផងដែរ។លោក Gantz បានបន្ថែមថា អ៊ីស្រាអែលនឹងធ្វើសកម្មភាពក្នុងដោយមានការសម្របសម្រួលដល់ការជម្លៀសជនស៊ីវិល ក្នុងការសន្ទនាជាមួយដៃគូអាមេរិក និងអេហ្ស៊ីបរបស់យើង ដើម្បីកាត់បន្ថយការស្លាប់ចំនួនជនស៊ីវិល៕