ក្រុមអ្នកការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទំនងជានឹងបោះឆ្នោតនៅថ្ងៃអង្គារ (២០ កុម្ភៈ) ស្អែកនេះលើការជំរុញរបស់ប្រទេសអាល់ហ្សេរី សម្រាប់ស្ថាប័នដែលមានសមាជិកចំនួន ១៥ ប្រទេសដើម្បីទាមទារបទឈប់បាញ់មនុស្សធម៌ភ្លាមៗនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយជាជំហានមួយដែលសហរដ្ឋអាមេរិក បានបង្ហាញពីសញ្ញាថាខ្លួននឹងវេតូម្ដងទៀត។

អាល់ហ្សេរី បានដាក់ចេញសេចក្តីព្រាងនៃសេចក្តីសម្រេចដំបូងជាងពីរសប្តាហ៍មុន ប៉ុន្តែឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាសហ្គ្រីនហ្វីល (Linda Thomas-Greenfield) បាននិយាយយ៉ាងឆាប់រហ័សថា សេចក្តីព្រាងនេះអាចបង្កគ្រោះថ្នាក់ដល់ «ការចរចារដ៏រសើប» ក្នុងគោលបំណងធ្វើឱ្យមានការផ្អាកប្រយុទ្ធនៅក្នុងសង្គ្រាម។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវការសំឡេងគាំទ្រយ៉ាងតិច ៩ សំឡេង ហើយគ្មានការវ៉េតូពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន ឬរុស្ស៊ី ដើម្បីអនុម័តបាន។
ជាទម្លាប់ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន តែងតែការពារសម្ព័ន្ធមិត្តរបស់ខ្លួនអ៊ីស្រាអែល ពីវិធានការរបស់អង្គការសហប្រជាជាតិ ហើយបានប្រើសិទ្ធិវ៉េតូពីរដងរួចមកហើយលើវិធានការរបស់ក្រុមប្រឹក្សានេះ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក៕
