មន្ត្រីសុខាភិបាលក្នុងតំបន់ និងអង្គការសហប្រជាជាតិបាននិយាយថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា កង្វះខាតប្រេងឥន្ធនៈ និងការវាយឆ្មក់របស់អ៊ីស្រាអែល បានធ្វើឱ្យមន្ទីរពេទ្យដ៏ធំបំផុតទីពីររបស់តំបន់ហ្កាហ្សាស្ទ្រីប លែងដំណើរការទាំងស្រុងកាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) ខណៈកងកម្លាំងអ៊ីស្រាអែល បានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដែលបានបំផ្លិចបំផ្លាញមួយនេះ។

ការវាយប្រហារចុងក្រោយបំផុតលើវិស័យថែទាំសុខភាព ដែលត្រូវបានបំផ្លាញរបស់តំបន់ហ្កាហ្សា បានកើតឡើងនៅពេលដែលអ៊ីស្រាអែល បានរៀបចំសម្រាប់ការវាយលុកទីក្រុង រ៉ាហ្វា (Rafah) ចុងភាគខាងត្បូង ដែលជាជម្រករបស់ប្រជាជនភៀសខ្លួនប៉ាឡេស្ទីន ជាងមួយលាននាក់ដែលភាគច្រើនរស់នៅក្នុងស្ថានភាពអស់សង្ឃឹម។

មន្ទីរពេទ្យនៅហ្កាហ្សា ជាចំណុចបង្គោលនៃសង្គ្រាមរយៈពេលបួនខែរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។

យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសកម្មប្រយុទ្ធរាប់រយនាក់កំពុងលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ ណាសសឺ ហើយខ្លះទៀតបានក្លែងខ្លួនជាបុគ្គលិកពេទ្យ។ ក្រុមហាម៉ាស បានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថាការលើកឡើងរបស់អ៊ីស្រាអែលគឺគ្រាន់ជាលេសដើម្បីបំផ្លាញប្រព័ន្ធថែទាំសុខភាពហ្កាហ្សាតែប៉ុណ្ណោះ៕